ប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ដៃស្វាគមន៍ជាមួយប្អូនស្រីលោក គីម ជុងអ៊ុន និងអង្គុយពីក្រោយអនុប្រធានាធិបតីអាមេរិក ដោយទឹកមុខរីករាយ
09-02-2018 20:12
(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង ត្រូវបានគេមើលឃើញមាន ភាពសប្បាយ និងទឹកមុខរីករាយ នៅឯពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដោយអង្គុយនៅពីក្រោយខាងស្ដាំដៃ អនុប្រធានាធិបតីអាមេរិក លោក Mike Pence។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាមួយនោះអ្នកនាង គីម យូជុង ក៏បានចាប់ដៃស្វាគមន៍ជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ផងដែរ នៅពួកគេដើរចូលក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា លើកទី២៣ ក្នុងទីក្រុង PyoengChang ដែលចាប់ផ្ដើមពី ថ្ងៃទី០៩ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ។
គួរបញ្ជាក់ថា អ្នកនាង គីម យូជុង បានក្លាយជាមន្ត្រីជាន់ខ្ពស់នៃគ្រួសារត្រកូលគីម ដំបូងបំផុតដែលយកជើងជាន់ដីកូរ៉េខាងត្បូង ចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់។ ប៉ុន្តែយ៉ាងណាក្ដី ទីក្រុងព្យុងយ៉ាង ធ្លាប់បានអះអាងថាខ្លួនគ្មានគំរោងជួប ជាមួយនឹងក្រុមមន្ត្រីអាមេរិកនៅក្នុងព្រឹត្តិការណ៍នេះទេ៕