(កំពត)៖ រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ជារោងចក្រផលិតស៊ីម៉ងត៍ស្តង់ដាខ្ពស់ និងធំជាងគេមួយនៅក្នុងតំបន់ ដោយបំពាក់ឧបករណ៍ និងម៉ាស៊ីនគ្រឿងចក្រទំនើបទាន់សម័យ ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​និង​អ្នកចូលរួមជិត​ ១ម៉ឺន​នាក់ កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

រោងចក្រនេះត្រូវបានបង្កើតឡើងដោយ​ការ​វិនិយោគ​រួមគ្នាលើទុនសាច់ប្រាក់ ២៦២លានដុល្លាអាមេរិក​​ ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និងមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុង​វិស័យ​សំណង់ និងវិស័យចែកចាយលើទីផ្សារ និង ៤០% ​ទៀតមកពីក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន នៃព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ធំសម្បើម មានបទពិសោធន៍ជាង ៥០ ឆ្នាំ ក្នុងការផលិត ស៊ីម៉ងត៍ និងមានរោងចក្រផលិតស៊ីម៉ងត៍ជាច្រើននៅក្នុងតំបន់ ដូចជា នៅប្រទេសថៃ បង់ក្លាដេស ស្រីលង្កា និង​វៀតណាម។

ភាពជាដៃគូថ្មីនេះបាននាំបច្ចេកវិទ្យាថ្មី ដែលបង្កើនសមត្ថភាពផលិតបានរហូតដល់ ៥ 000តោនក្នុង មួយថ្ងៃ ស្មើនឹង ១.៧លានតោនក្នុងមួយឆ្នាំ។ ជាមួយនឹងឧបករណ៍ និងបច្ចេកវិទ្យា ចុងក្រោយបំផុត ក្រុមហ៊ុនបាន​បំពាក់​​​ស្តង់ដារសុវត្ថិភាព និងរក្សាស្ថេរភាពខ្ពស់ ឈានមុខគេក្នុង ​ទី​ផ្សារ​ ក្នុងការផលិតដោយមានកម្រិតកាបូនទាប និង​កាត់បន្ថយផលប៉ះពាល​លើបរិស្ថាន។

ការធ្វើវិនិយោគទុនរួមគ្នាជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុន ជីបម៉ុង គ្រុប និង ក្រុមហ៊ុនថៃ ស៉្យាម ស៊ីធី ស៊ីមេន បូកបញ្ចូលទាំងបទពិសោធន៍សរុបជិតមួយសតវត្ស របស់ក្រុមហ៊ុនទាំងពីរ បានទាក់ទាញ ក្រុមជំនាញនៅគ្រប់តំបន់ដែលមានឯកទេស និងបទពិសោធន៍ដ៏សន្ធឹកសន្ធាប់ក្នុងការផលិត ស៊ីម៉ងត៍ ឲ្យ​​មកចាប់ដៃធ្វើការជាមួយគ្នា រួចហើយចែករំលែកបទពិសោធន៍ និងចំណេះដឹងទាំងអស់ នេះទៅ​ឲ្យ​​បុគ្គលិកជនជាតិខ្មែរ ដែលកំពុងធ្វើការនៅរោងចក្រផលិតស៊ីម៉ងត៍ដ៏ទំនើបនិង ទាន់សម័យមួយនេះ។

គួរបញ្ជាក់ដែរថា ការចាប់ដៃសហការគ្នាជាយុទ្ធសាស្រ្តនេះ នឹងធ្វើឲ្យ​ក្រុមហ៊ុន​ផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលមានបទដ្ឋានខ្ពស់ បំពាក់ដោយគ្រឿងបរិក្ខារ ឧបករណ៍ និងគ្រឿងម៉ាស៊ីន ដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុតមកពីបណ្តាប្រទេសផ្សេងៗ ក្លាយទៅជារោងចក្រផលិតស៊ីម៉ងត៍នាំមុខគេនៅកម្ពុជាលើផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា ផលិតស៊ីម៉ងត៍ ការពារបរិស្ថាន ការបណ្តុះបណ្តាល​បុគ្គលិក និងជាអ្នកផ្គត់ផ្គង់ស៊ីម៉ងត៍ ដែលមានគុណភាពល្អបំផុតដល់ទីផ្សារកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះ អតិថិជន ។

ថ្លែងក្នុ​ងពិធីដាក់ឲ្យ​​ដំណើរ​ការ​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​​ នៅ​ទូកមាស​ ខេត្ត​កំពត​ លោកឧកញ៉ា ​​​លាង​ ឃុន ប្រធាន​​ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប បាន​​លើក​ឡើង​ថា ក្រោម​ការដឹកនាំដ៏ឈ្លាស​វៃ​របស់​ សម្តេចតេជោ កម្ពុជា​បាន​ទាក់ទាញ​​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​។​​ នេះ​​ដោយ​សារ ​គុណបំណាច់​នៃ​សនិ្តភាពពេញលេញ និងយូរអង្វែង​ ដែល​រាជរដ្ឋាភិបាល​កំពុង​បន្ត​ជំរុញ​។ ដោយ​សារ​ភាព​​ជោគជ័យ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​មានវត្តមាន​​រោង​ចក្រស៊ីម៉ងត៍​​នេះឡើង​ ហើយ​តាម​រយៈរោងចក្រ​នេះ​ យើ​ង​អាច​​រួម​ចំណែ​ក​​​ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ ដោយ​ការ​បង្កើន​ផលិ​ត​កម្ម​ស្រុក​។​

លោក Aidan Lyman អគ្គនាយក​ក្រុមហ៊ុន​ ជីប ម៉ុង អិនស៊ី ស៊ីមេន ខបភើរេ​សិន​ ថ្លែង​ថា៖ «យើង​បាន​បោះ​ជំហាន​ដ៏​ធំមួយ​ទៀត​ ចំពោះ​ការ​តាំង​ចិត្ត​របស់​យើង​ ដើម្បី​​ផ្គត់​ផ្គង់​​ ​ ត​ម្រូវ​ការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​នា​ពេល​អនាគត​។ ឥឡូវ​នេះ​ ពួក​យើង​​​កំពុង​ធ្វើ​កា​រផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ សេវាកម្ម និង​ផលិត​ផល​​ស៊ីម៉ងត៍​ដែល​មាន​គុណភាព​ល្អ​បំផុត​ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​ និង​បច្ចេកវិទ្យាខ្ពស់​ ដែល​រួម​បញ្ចូល​ដោយ​បទដ្ឋាន​អន្តរជាតិ​ល្អ​បំផុត​ និង​ការ​​​ការពារ​ដល់​បរិស្ថាន និង​សហគមន៍»

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ប្តេជ្ញាចិត្តចូលរួមចំណែក​ ក្នុងការកសាងអ្វីដែលធ្វើឲ្យកម្ពុជា​មាន​​មោទនភាព​៕