(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ដើម្បីឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ រដ្ឋាករទឹកបានដាក់ចេញនូវផែនការ ធ្វើយ៉ាងណានៅឆ្នាំ២០២៥ ឲ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានទឹកប្រើប្រាស់គ្រប់១០០% ស្របតាមគោលនយោបាយទឹកស្អាត របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមការបញ្ជាក់របស់លោក ស៊ឹម ស៊ីថា រហូតមកដល់បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋភ្នំពេញ គ្រប់ដណ្តប់លើវិសាលភាពចំនួន៨៥ភាគរយ ខណៈខេត្តកណ្តាលផ្គត់ផ្គង់បានជាង៨៨ភាគរយហើយ។
លោកបានបន្ដទៀតថា ការតភ្ជាប់បណ្ដាញទឹកស្អាត ជូនប្រជាពលរដ្ឋ មិនបានលឿនមកពីរដ្ឋាករទឹក បានជួបការលំបាកខ្លះដូចជា៖
ទី១៖ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នេះ បើតាមគោលការណ៍ដែលត្រូវធ្វើ ការដាក់បណ្ដាញទឹកជាបំពងមេចែកចាយ ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាសទើបអាចដាក់បំពងទឹកនេះបាន ប្រសិនបើដាក់ទៅលើផ្លូវ ដែលមិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ នោះច្បាស់ណាស់នឹងត្រូវរុះរើបំពងឡើងវិញ នេះជាផលវិបាកមួយ។
ទី២៖ សំភារៈ និងឧបករណ៍តភ្ជាប់បំពង មិនមែនជាសំភារៈដែលមានក្នុងស្រុកនោះឡើយ ត្រូវការបញ្ជេរទិញទៅតាមផែនការរបស់រដ្ឋាករទឹកស្វយ័តប្រចាំឆ្នាំ ការធ្វើលទ្ធកម្មតាមច្បាប់ ដើម្បីទិញសំភារៈទាំងអស់នោះ ក៏ដូចជាថវិកា និងលទ្ធភាពក្នុងការផលិតបណ្ដាញ..ជាក់ស្ដែងក្នុង១ឆ្នាំរដ្ឋាករទឹកមានលទ្ធភាពជាមធ្យម១៧០គីឡូម៉ែត្រ បំពងមេ និងតភ្ជាប់ជូនប្រជាពលរដ្ឋប្រមាណជា២ម៉ឺនកុងទ័រក្នុងឆ្នាំទាំងក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ អ្វីដែលធ្វើឲ្យមានការជួបការលំបាកនោះគឺ កន្លែងដែលមិនទាន់បូកចូលនោះ ក្នុងផែនការប្រចាំឆ្នាំ គឺរដ្ឋាករទឹកមិនទាន់មានលទ្ធភាពថវិកាសម្រាប់ដាក់ជូន។
លោកបានបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តមានរោងចក្រ៤ ដែលមានសមត្ថភាពផលិតទឹក បានចំនួន៥៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ផលិតចែកជូនប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែបរិមាណផលិតនេះ មិនស្មើនឹងសេចក្ដីត្រូវការប្រើប្រាស់ទឹកទេ ព្រោះការប្រើប្រាស់ទឹកបច្ចុប្បន្ននេះ លើសពី៦០ម៉ែត្រគូបក្នុង១ថ្ងៃ នេះបើតាមការប៉ានស្មានទៅតាមផែនកា រដែលរដ្ឋាករទឹកបានសិក្សាកន្លងមក»។
លោកបញ្ជាក់បន្ថែមទៀតថា ដោយមានសេចក្ដីត្រូវការ ពីប្រជាពលរដ្ឋរស់នៅតាមជាយរាជធានីភ្នំពេញចំនួន២០ឃុំសង្កាត់ ដែលបានកាត់ចូលមកក្នុងរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តបានអនុវត្តន៍ នូវគោលនយោបាយរបស់ខ្លួនមួយគឺ ការចែកទឹកគ្នាប្រើប្រាស់។ ដូច្នេះហើយទើបពេលខ្លះជាពិសេស ម៉ោង៧៖០០ព្រឹក និង៦៖០០ល្ងាច អ្នកប្រើប្រាស់ទឹកក្នុងរាជធានីភ្នំពេញមានសម្ពាធខ្សោយ ព្រោះដោយសាររដ្ឋាករបានចែកទឹកទាំងនេះ ទៅអ្នកប្រើប្រាស់តាមជាយក្រុង។
លោកបន្ដទៀតថា ដើម្បីឆ្លើយតបនឹងតម្រូវការ ការប្រើប្រាស់ទឹករដ្ឋាករទឹកស្វយ័ត គ្រោងនឹងពង្រីកបណ្ដាញទុយយោ ឲ្យបានគ្រប់ទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ រួមទាំងមានការសាងសងរោងចក្រផលិតទឹក ដើម្បីបំពេញសេចក្ដីត្រូវការ។ តាមការសិក្សាពីការប្រើប្រាស់ទឹកក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២០-២០២៥ និង២០៣០ វាលើសពី៦០-៨០ម៉ឺន ឬជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ តែបច្ចុប្បន្ននេះសមត្ថភាពផលិតទឹកមានត្រឹមតែ៥៧ម៉ឺនម៉ែត្រគូបទេដូច្នេះរដ្ឋាករទឹកត្រូវការសាងសង់រោងចក្របន្ថែមទៀត។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តបានផ្គត់ផ្គងទឹក ក្នុងរាជធានីភ្នំពេញបានចំនួន៨៥ភាគរយ ចំណែកឯក្នុងទីក្រុងតាខ្មៅទទួលបានជាង៨៨ភាគរយ ដោយក្នុងរាជធានីភ្នំពេញ មានអតិថិជនជាង៣១ម៉ឺនគ្រួសារ ដែលទទួលបានសេវាកម្ម និងទីក្រុងតាខ្មៅចំនួន១៤,០០០គ្រួសារ ដែលទទួលបានសេវាកម្ម៕