(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានព្រមានជាថ្មីថា អ្នកដែលចង់ឱ្យគណបក្សសង្រ្គោះជាតិ ដែលស្លាប់រយៈពេលជាង៣ខែមកហើយនោះរស់ឡើងវិញ នឹងមិនអាចទៅរួចទេ ហើយកុំមានក្តីសង្ឃឹមឱ្យសោះ។

ការប្រកាសជាថ្មីរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីសហភាព​អន្តរសភា (IPU) ដែល​មាន​សមាជិក​១៧៤​ប្រទេស ទទួលយក​បណ្ដឹង​របស់​អតីតតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​សុំ​អន្តរាគមន៍ ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ​​IPU ដែលចេញសំដៅលើប្រទេសចំនួន១៤ ដែលក្នុងនោះមានកម្ពុជាដែរនោះ ក៏​ទទូច​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាពមក​លើ​គណបក្ស​ប្រឆាំង និង​ធានា​សុវត្ថិភាព ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ពួកគេអាច​វិល​ត្រឡប់​ទៅ​​កម្ពុជា​វិញ និងចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «របស់ឬសាកសពដែលបានងាប់ហើយ មិនអាចមានជីវិតឡើងវិញជាដាច់ខាត។ សូមអស់លោកដែលចង់ប្រោះខ្មោច អតីតបក្សប្រឆាំងរស់ឡេីងវិញ កុំសង្ឃឹមឲ្យសោះ។ អតីតៈបក្សប្រឆាំងសម្លាប់ខ្លួនឯងដោយផ្ទាល់។ ម៉្យាងទៀត ម៉្តេចមករករឿងរាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានសម្លាប់អតីតៈបក្សប្រឆាំងនោះ? ចុះតំណាងរាស្ត្របក្សភឿថៃទៅដល់ណាអស់ហើយ ហេតុអ្វីបានជាសភា IPU មិនគិតដល់ផង?»

លោកបានបន្តទៀតថា អតីតបក្សប្រឆាំង ដែលត្រូវបានរំលាយរួចហើយ ដោយតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺអាស្រ័យដោយទង្វើល្មើស ប្រឈមនឹងមាត្រា៦ថ្មី២ មាត្រា៧ថ្មី មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា និងអ្នកដទៃ មិនបានបង្កេីតបទល្មើសឲ្យអតីតបក្សប្រឆាំងនេះទេ គឺសាម៉ីបក្សប្រឆាំងជាអ្នកបង្កើតបទល្មើសដោយខ្លួនឯង ត្រូវទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់។ នេះហើយហៅថានីតិរដ្ឋ។

CNRP ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោលពីកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សនេះមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ការរំលាយគណបក្សសង្រ្គោះជាតិនេះ ធ្វើឡើង២ខែប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ដែលធ្លាយវីដេអូនិយាយសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់អាមេរិក ដើម្បីផ្លាស់ប្តូរកម្ពុជាតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ែ៕