(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ពេលនេះ គណបក្សនយោបាយ៤ បានដាក់ភ្នាក់ងារសង្កេតការណ៍ ទូទាំងរាជធានី-ខេត្ត ពេញសិទ្ធិចំនួន៧៥នាក់ សម្រាប់ចូលរួមអង្កេតការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។
ក្នុងចំណោមអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទាំង៧៥រូបនោះ មាន៣៣នាក់ពីគណបក្សប្រជាជនកម្ពុជា ដែលដាក់បេក្ខជនគ្រប់ភូមិភាគ, ២០រូបមកពីគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច, ១៨រូបមកពីគណបក្សខ្មែររួបរួមជាតិ និង៤រូបមកពីគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។ នេះបើតាមសេចក្តីប្រកាសដដែលរបស់ គ.ជ.ប។
សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីផុតកំណត់ទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យកិច្ចការគណបក្សនយោបាយ និងអង្កេតការណ៍ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទទួលបានពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ដើម្បីសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ដោយអនុលោមតាមប្រកាស ៧.១.១៧ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធភានីតិកាលទី៤ ឆ្នាំ២០១៨ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប ភ្នាក់ងារពេញសិទ្ធិ១រូប ដើម្បីសង្កេតមើលកាល បោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ នៅតាមរាជធានី-ខេត្ត នៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។
ភ្នាក់ងារគណបក្សនយោបាយ គឺជាតំណាងដែលចាត់តាំង ដោយគណបក្សនយោបាយ និងត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការរាជធានី ខេត្តរៀបចំបោះឆ្នោត ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយពួកគាត់មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ នៅពេលមានភាពមិនប្រក្រតីណាមួយបានកើតឡើង។
ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងអាណត្តិទី៤នេះ គឺមាន ចំនួន៦២អាសនៈ ដែលក្នុងនោះសមាជិកចំនួន៥៨រូប ត្រូវជ្រើសតាំងតាមរយៈ ការបោះឆ្នោតជាអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងបច្ចុប្បន្នសរុប ១១.៦៩៥នាក់ ខណៈដែលសមាជិក ព្រឹទ្ធសភាចំនួន២រូប ត្រូវចាត់តាំងដោយអង្គព្រះមហា ក្សត្រ និងចំនួន២រូប ជ្រើសតាំងដោយរដ្ឋសភា៕
សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់គ.ជ.បដូចខាងក្រោម៖