(ភ្នំពេញ)៖ ក្រុមហ៊ុន​ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បាន​ចាប់​ផ្តើម​ដំឡើង​រោងចក្រ​ទុយោទឹក ដោយ​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​ទំនើបចុង​ក្រោយ​ពី​ប្រ​ទេស​អ៊ីតាលី នៅ​​ដើម​ខែកុម្ភៈ ឆ្នាំ២០១៨នេះ​។

រោងចក្រ​នេះ នឹង​ក្លាយ​ជា​រោង​ចក្រ​ទុយោ​ទឹក​ទី១នៅប្រទេសកម្ពុជា ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​​ចុង​ក្រោយ​ពីអឺរ៉ុប។

រោង​ចក្រ​ទុយោទឹក​របស់​ជីប ម៉ុង មាន​ទីតាំង​ស្ថិតតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​កណ្តាល ឃុំរលួស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

តំណាង​ក្រុមហ៊ុន ជីប ម៉ុង អ៊ីដាស្ទ្រីស៍ បាន​ឲ្យដឹងថា តាម​រយៈ​បច្ចេក​វិទ្យា​ដ៏ទំនើប​ និង​គ្រឿង​ផ្សំ​ដ៏​ល្អ​ឥតខ្ចោះ រោងចក្រ​ទុយោទឹក​នេះ នឹង​មាន​លទ្ធភាព​ផលិត​ទុយោ​ទឹក​ ដែល​មាន​គុណភាព​ខ្ពស់ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ទីផ្សារកម្ពុជា ដែល​ទុយោ​ទឹក​ភាគច្រើន​ក្នុង​​ទីផ្សា​របច្ចុប្បន្ន ​ត្រូវ​បាន​នាំ​ចូល​ពី​បរទេស។

ក្រៅ​ពី​រោងចក្រ​ទុយោទឹកនេះ​ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍​ បច្ចុប្បន្នក៏​​មាន​រោងចក្រ​បេតុង​លាយស្រេច ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ISO បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ និង​រោងចក្រ​ក្បឿង​បេតុង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយពី​អ៊ីតាលី និង​មាន​សមត្ថភាព​ផលិតក្បឿង​បាន​១៤០សន្លឹក​ក្នុង​មួយ​នាទី៕