(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានជាថ្មីម្តងទៀតថា លោកនឹងលុបឈ្មោះមន្ត្រីនៅក្នុងរាជបណ្ឌិត្យសភា ដែលអសកម្ម ដើម្បីបញ្ចូលមន្ត្រីថ្មី។ ការព្រមាននេះ​ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោក សុខ ទូច បានបញ្ជាក់ឱ្យដឹងថា ការប្រកាសរំលឹកចុងក្រោយនេះ ព្រោះកន្លងមក មានមន្ត្រីមួយចំនួនមិនគោរពកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ដែលចាំតែមកចុះហត្ថលេខាយកវត្តមាន ហើយមានមន្ត្រីខ្លះទៀត ពេលចុងម៉ោងទើបមកដល់កន្លែងធ្វើការ ដោយចុះហត្ថលេខារួចក៏ចេញទៅវិញបាត់ មិនខ្លាចច្បាប់ខ្លាចវិន័យ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមក្រើនរំលឹកជាថ្មី និងជាលើកចុងក្រោយ ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរព កាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួនក្នុងនាមជាអ្នករាជការសាធារណៈរបស់រដ្ឋ ហើយបើនៅតែបន្តភាពអសកម្មរបស់ខ្លួនតទៅទៀត គឺអាចបញ្ឈប់ និងលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌនៃមន្ត្រីរាជការ»

លោក សុខ ទូច បានបន្តថា «ការកត់សម្គាល់ក្នុងរយៈពេល២ខែចុងក្រោយនេះ ទោះបីជាមានការកែសម្រួល របៀបរបបនៃការងារ ដែលតម្រូវឲ្យមន្ត្រីរាជការ មកចុះហត្ថលេខា នៅតាមវិទ្យាស្ថាននីមួយៗជាប្រចាំថ្ងៃក្តី ក៏នៅមានភាពប្រក្រតីមួយចំនួនតូច ដូចជាចុះហត្ថលេខាខុស ឬមន្ត្រីរាជការខ្លះបានចុះហត្ថលេខា វត្តមានហើយចេញទៅវិញ រីឯអ្នកខ្លះចុងម៉ោងហើយទើបមកចុះហត្ថលេខាដើម្បីយកជាវត្តមាន»។

លោក សុខ ទូច បានអះអាងថា ចំពោះមន្ត្រីរាជការដែលបន្តអវត្តមានដោយគ្មានមូលហេតុត្រឹមត្រូវ លោកនឹងអនុវត្តវិធានការតឹងរ៉ឹង ពោលគឺលុបឈ្មោះចេញ ប៉ុន្តែលោកនឹងជួយមន្ត្រីណាដែលសកម្ម ហើយនឹងខំប្រឹងស្វែងរកថវិកាបន្ថែមទៀត ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់មន្រ្តីទាំងនោះ ចំពោះការខិតខំ របស់ពួកគាត់តាមរយៈគម្រោងផ្សេងៗ។ លោកបានស្នើឲ្យអគ្គលេខាធិការដ្ឋាន នៃរាជបណ្ឌិត្យសភាកម្ពុជា ពិនិត្យមើលចំណុចអសកម្មខាងលើ ឲ្យបានម៉ត់ចត់ សំដៅលុបភាពមិនក្រតីនោះចោលឲ្យអស់។

លោកបានបញ្ជាក់ថា ចំពោះមន្ត្រីរាជការទាំងឡាយណា បន្តអវត្តមានដោយគ្មានមូលហេតុ សមហេតុ សមផល នឹងត្រូវតែអនុវត្តវិធានការវិន័យតឹងតែង ដោយលុបឈ្មោះចេញពីមន្ត្រីរាជការ និងជ្រើសរើសមន្ត្រីថ្មីមកជំនួសវិញ។ ទន្ទឹមនឹងនោះ មន្ត្រីរាជការក៏ត្រូវប្រឹងប្រែង ដើម្បីរកថវិកាឧបត្ថម្ភបន្ថែម ជូនមន្ត្រីដែលសកម្ម តាមរយៈគម្រោងនានា៕