(កណ្ដាល)៖ ជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន២០កញ្ចប់ និងកាំភ្លើងច្នៃ១ដើម ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល ចាប់ខ្លួននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
របាយការណ៍របស់មន្ដ្រីនគរបាល ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ចត់ សារ៉េន ហៅរ៉េម អាយុ២៧ឆ្នាំ ដោយមុនពេលឃាត់ខ្លួណ កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង លើចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យតែម្ដង។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាល បានត្រួតពិនិត្យខ្លួនជនសង្ស័យ ឃើញមានថ្នាំញៀន ចំនួន២០កញ្ចប់ ហើយនៅចំពោះមុខនគរបាល ជនសង្ស័យ ខាងលើបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះ យកមកឲ្យនៅតាមផ្លូវជួនខាងកើត ភូមិជួនខាងលិចភូមិ ដើម្បីយកទៅលក់បន្តទិញម្តង ចំនួន៤០០,០០០ម៉ឺនរៀល។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចត់ សារ៉េន ហៅរ៉េម ខាងលើនេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ពីបទជួញដូរដោយ ខុសច្បាប់ នូវសាធាតុញៀន ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕