(​ក្រចេះ​)៖​ នគរបាល​ស្រុក​សំបូរ បានឃាត់ខ្លួន​ជនសង្ស័យ ដែលជាជនដៃដល់​ម្នាក់​ ដែល​ប្រើ​អំពើហិង្សាដោយចេតនា ដោយយកកំណាត់ឫស្សីវាយ ទៅលើជនរងគ្រោះបណ្តាលឲ្យ ដួលសន្លប់ នៅមុខផ្ទះជនរងគ្រោះ ហើយរងរបួសធ្ងន់ភ្លាមៗនោះដែរ ត្រូវ​អ្នកភូមិ​ជួយ​ដឹក​យកទៅសង្គ្រោះ​មន្ទីរពេទ្យ​។ ​ហេតុការណ៍នេះ ​កើតឡើង​កាលវេលាម៉ោង៦ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ​ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោក នួន សារិន អធិការរងនគរបាលស្រុកសំបូរ ទទួលការងារព្រហ្មទណ្ឌ បានឲ្យ​ដឹងថា ​ជនសង្ស័យ​ឈ្មោះ សាំង ខ្វាន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។​ ចំណែក​ស្ត្រី​ រងគ្រោះ​ឈ្មោះ ងួន ប៉ិច រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។​

មន្ត្រីនគរបាល​ដដែល ​បាន​ឲ្យ​ដឹង​ទៀតថា ការឈាន​ដល់​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា ដោយយកកំណាត់ឫស្សីវាយជនរងគ្រោះ ឲ្យដួលសន្លប់នៅមុខផ្ទះ បែបនេះ​គឺ​មូលហេតុ មកពីក្មេង ទៅបេះស្វាយចន្ទី ហើយជនដៃដល់ បានស្ដីបន្ទោស ហើយ​ជនរងគ្រោះជាម្ដាយក្មេងនោះ បានទៅជេរប្រមាថមកលើខ្លួន ក៏កើតឡើងរឿងបែបនេះតែម្តង​។

​បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​៕