(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការចាប់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយមហាអំណាចចិន គឺជារឿងដ៏ត្រឹមត្រូវបំផុត ខណៈអ្នកដែលរិះគន់ពីការវិនិយោគរបស់ចិននៅកម្ពុជា គឺព្រោះតែគេច្រណែនចិនតែប៉ុណ្ណោះ មិនបានជួយអ្វីនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងពីមូលហេតុថា ហេតុអ្វីបានជាសម្ដេចដឹកនាំប្រទេសទៅកៀកជាមួយប្រទេសចិន ក៏ដោយសារតែប្រទេសចិន រាប់អានគ្នាជាមួយប្រទេសកម្ពុជាដោយស្មើភាពគ្នា ដែលលូកលានចូលអធិបតេយ្យភាពកម្ពុជាម្ដងណាដោយ។
ដោយឡែកហេតុផលមួយទៀត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសខ្លះមករាប់អានជាមួយកម្ពុជា គឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមានប្រទេសខ្លះទៀត ត្រឹមអគ្គរដ្ឋទូតសោះ បែរជាមកប្រដៅនាយករដ្ឋមន្ដ្រីដូចកូនក្មេងទៅវិញ ប៉ុន្ដែសម្រាប់ចិនវិញ សូម្បីតែនាយករដ្ឋមន្ដ្រីចិន ប្រធានាធិបតីចិន ក៏គោរពសម្ដេចណាស់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះជាខួបលើកទី៦០ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងចិន ដែលការទូតនោះបានកសាងឡើងនៅក្នុងស្ថានភាពមួយ ដែលព្រះរាជាណាចក្រកម្ពុជាពេលនោះ និងប្រទេសចិនជួបការលំបាកដូចគ្នា ដែលជាកេរ្ដិ៍ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិរបស់យើង សម្ដេចព្រះនរោត្តម សីហនុ ជាមួយនឹងលោកប្រធានម៉ៅសេទុង ក៏ដូចជានាយករដ្ឋមន្ដ្រី ជូ អេងឡាយ [...] មិនខុសទេ ដែលកម្ពុជាចាប់ដៃគូជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ឥឡូវនេះយើងបន្ដនូវនយោបាយរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្របច្ចុប្បន្នដែលជាព្រះរាជបុត្រ របស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ គឺព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី ព្រះអង្គបានបន្ដក្នុងការដឹកនាំ ក៏ដូចជារួមជាមួយរាជរដ្ឋាភិបាលដើម្បីបន្ដអនុវត្តនយោបាយចិនមួយ»។
សម្ដេចតេជោបន្ដថា «ចិនគេធ្វើការជាមួយខ្ញុំស្នើភាព ប្រទេសខ្លះត្រឹមអគ្គរដ្ឋទូតសោះមកប្រដៅយើងដូចប្រដៅកូនក្មេង ហើយឲ្យខ្ញុំទ្រាំបានឬ ប៉ុន្ដែចិនមិនមែនត្រឹមតែអគ្គរដ្ឋទូតទេ ប្រធានាធិបតីរបស់គេ នាយករដ្ឋមន្ដ្រីរបស់គេតាំងពីមុនរហូតមកដល់ឥឡូវ គេគោរពខ្ញុំណាស់ គេត្រូវការគ្នាភាពជាដៃគូស្នើភាពអត់មានអ្នកធំ អត់មានអ្នកតូច អត់មានប្រទេសធំ អត់មានប្រទេសតូច អត់មានអ្នកក្រ អត់មានអ្នកមានទេស្នើភាពគ្នា»។
ហេតុផលយ៉ាងច្បាស់បែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលគ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានរំលឹកថា សម្តេចធ្លាប់បានការពារចិន ពេលដែលចិនបានស្នើសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលអំឡុងពេលចិនស្នើសុំចូលជាសមាជិកពាណិជ្ជកម្មពិភពលោក មានសំណួរចោទសួរថា តើមានការព្រួយបារម្ភពីឥទ្ធិពលចិននៅក្នុងអង្គការនេះដែរឬទេ? សម្តេចក៏បានចោទសួរវិញថា តើត្រូវជនអន្តោប្រវេសន៍ចិន ឬត្រូវទទួលអ្នកទេសចរចិន។
បើតាមសម្ដេចតេជោ បើគ្មានកិច្ចទំនាក់ទំនងជាមួយចិននោះទេ ម្ល៉េះហើយស្ពានដែលឆ្លងទន្លេចំនួន៨កន្លងមកនេះ ក៏មិនបានលេចរូបរាងមកដែរ ហើយជាក់ស្ដែងនៅថ្ងៃទី០៩ ខែកុម្ភៈនេះ បានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំដែរឬទេ?។
ប្រសិនបើចិន គ្មានទំនាក់ទំនងល្អជាមួយកម្ពុជានោះទេ តើចិនអាចផ្ដល់លុយជាច្រើនសន្ធឹកសន្ធាប់មកដល់កម្ពុជា សម្រាប់សាងសង់ស្ពានដែរឬទេ? ច្បាស់ណាស់ប្រសិនបើគ្មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាទេនោះ ចិនក៏មិនអាចផ្ដល់លុយយ៉ាងច្រើនមកកម្ពុជានោះដែរ។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចចង់ធ្វើមិត្តគ្រប់ជាមួយប្រទេសទាំងអស់ ប៉ុន្តែសួរថាអគារខ្ពស់ៗនៅកម្ពុជា មិនមានអគារណាក្រៅពីចិន និងជប៉ុន ហើយសមិទ្ធផលស្ពាន និងផ្លូវ គឺមានតែចិន និងជប៉ុន ព្រមទាំងរាជរដ្ឋាភិបាលសាងសង់ខ្លួនឯង មិនដែលមានប្រទេសទាំងអស់នោះសាងសង់ទេ៕