(ភ្នំពេញ)៖ ដោយសារតែរថយន្តធុនធ្ងន់ នៅតែបន្តចេញ-ចូលរាជធានីភ្នំពេញ ខុសពេលវេលា និងខុសតម្រាយផ្លូវបណ្តាលឲ្យកកស្ទះចរាចណ៍ ក៏ដូចជា គ្រោះថ្នាក់ចរាចណ៍នោះ រដ្ឋបាលរាជធានី បានដាក់ចេញជាវិធានការជាថ្មី ពោលគឺរថយន្តធុនធ្ងន់ដឹកទំនិញគ្រប់ប្រភេទ និងរថយន្តកុងតឺន័រ នឹងមិនត្រូវបានអនុញ្ញាតឲ្យចេញចូលរាជធានីនៅពេលថ្ងៃឡើយ តែអាចធ្វើចរាចណ៍បាននៅពេលយប់ ជាមួយនឹងការកំណត់ពេលវេលាច្បាស់មួយ។
វិធានការថ្មីនេះបានធ្វើឡើងខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះហៅអាជ្ញាធរទាំង១២ខណ្ឌ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ មកប្រជុំនៅសាលារាជធានីកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងក្រោយកិច្ចប្រជុំនេះថា ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានផ្តោតសំខាន់លើការគិតគូ ពីបញ្ហាការចរាចណ៍របស់រថយន្តធុនធ្ងន់ ជាពិសេស គឺរថយន្តកុងតឺន័រ ដែលចរាចណ៍ចេញចូលលើផ្លូវរាជធានីភ្នំពេញយើងសព្វថ្ងៃ ក្នុងគោលបំណង កាត់បន្ថយការកកស្ទះចរាចណ៍ ក៏ដូចជា គ្រោះថ្នាក់ចរាចណ៍ ដែលកើតឡើងដោយសារតែ រថយន្តធុនធ្ងន់ នៅតែចេញចូលរាជធានីភ្នំពេញ ខុសពេលវេលា និងខុសតម្រាយផ្លូវដែលយើង បានអនុញ្ញាតទីតាំង និងពេលវេលាមិនអនុញ្ញាតជូននោះ។
លោកបន្តថា «កន្លងមករថយន្តធុនធ្ងន់យើងធ្លាប់ បានចេញជាប័ណ្ណចេញចូលក្រុង ក៏ប៉ុន្តែដោយការចង់សំរួលទៅលើការងារនេះ គឺពិបាកក្នុងការតម្រូវប្រើប្រាស់ប័ណ្ណ ក៏ដូចជា កាត់បន្ថយភាពអសកម្មមួយចំនួន។ ដោយសារបញ្ហាការចេញប័ណ្ណនេះ រដ្ឋបាលរាជធានីបានបញ្ឈប់ការចេញប័ណ្ណ ក៏ប៉ុន្តែតម្រូវឲ្យតាមរថយន្តដឹកជញ្ជូនចេញចូលរាជធានីភ្នំពេញទាំងអស់ គោរពទៅតាមពេលវេលា និងតម្រាយផ្លូវ ដែលរដ្ឋបាលរាជធានីអនុញ្ញាតជូន»។
លោកបន្តថា សម្រាប់រាជធានីភ្នំពេញ បញ្ហាការកកស្ទះចរាចរណ៍បានកើនឡើង ដោយសារការធ្វើចរាចរណ៍ខុសពេលវេលា របស់រថយន្តធុនធ្ងន់ ដែលសំដៅទៅលើរថយន្តកុងត័នើនេះតែម្តង ទោះបីយើងមានដាក់ចេញគោលការណ៍ ដាក់ចេញនូវបំរាម និងយុទ្ធុនការឲ្យខាងសមត្ថកិច្ចយើងចុះត្រួតពិនិត្យ ករណីខុសពេលវេលា ធ្វើការឃាត់ទុក ក៏នូវតែមើលឃើញថា នៅមានក្រុមហ៊ុនមួយចំនួន ក៏ដូចជា ម្ចាស់រថយន្តមួយចំនួននៅមិនរៀងចាល រហូតធ្វើឲ្យមានការកកស្ទះចរាចណ៍ ករណីខ្លះមាន រហូតដល់កើតមានគ្រោះថ្នាក់ចរាចណ៍ ធ្វើឲ្យបាត់ជីវិតបងប្អូនប្រជាពលរដ្ឋថែមទៀតផង។
នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានីក៏បានណែនាំទៅលើការងារមួយចំនួន ក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តធុនធ្ងន់ប្រភេទកុងតឺន័រ នឹងមិនត្រូវបានអនុញ្ញាតឲ្យចេញចូលរាជធានី នៅពេលថ្ងៃនោះទេ គឺអាចចរាចណ៍បាននៅពេលយប់ ហើយកិច្ចការមួយចំនួនទៀត ដែលត្រូវសិក្សាលំអិត ត្រូវបានប្រគល់ឲ្យទៅលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ជាអ្នកដឹកនាំប្រជុំ ជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗផ្សេងៗ ដែលមានរថយន្តច្រើន ដែលចរាចណ៍ធ្វើអាជីវកម្ម ប្រភេទរថយន្តកុងតឺន័រធុន ដើម្បីពិភាក្សាគ្នា ក៏ដូចជា ជូនដំណឹង ហើយនឹងណែនាំឲ្យ ក្រុមហ៊ុនទាំងអស់ នោះគោរពតាមការណែនាំរបស់អាជ្ញាធរ ដែលផែនការបានដាក់ចេញ៕