(ភ្នំពេញ)៖ លោក តុប ឈុនហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរស២នាក់ និងស្ដ្រីម្នាក់ ពាក់ព័ន្ធករណីករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើយោងតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោក ហោ លី ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើជនជាប់ចោទទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ ផល គីមហុង អាយុ២២ឆ្នាំ, ទី២-ឈ្មោះ ចាន់ ដារ៉ាវីស្ដ អាយុ ៣៧ឆ្នាំ និងទី៣-ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ពីបទ ផលិត ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រព្រឹត្តអំឡុងខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលម្ដុំផ្សារដីហុយ ភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទទាំង៣នាក់ ខាងលើ បានឆ្លើយបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបមុខសញ្ញាផលិត និងជួញដូរគ្រឿងញៀននៅចំណុចម្ដុំផ្ទះជួល ជិតផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនជនជាប់ចោទទាំង៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព័ណ៌ សថ្លាជាប្រភេទគ្រឿងញៀន មេតំហ្វេមីនចំនួន២កញ្ចប់, ប្រដាប់ជក់ស៊ីហ្សាចំនួន១, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង, ម៉ូតូ១គ្រឿង, សម្ភារប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕