(ឧត្តរមានជ័យ)៖ ហេតុការណ៍អគ្គិភ័យមួយ បានឆាបឆេះតូបលក់អីវ៉ាន់ទាំងស្រុង និងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ (ម្តាយ និងកូនស្រី២នាក់) នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
មន្រ្តីនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ករណីខាងលើនេះបណ្តាលឱ្យស្លាប់មនុស្ស៣នាក់ ខណៈជនរងគ្រោះទាំងអស់ កំពុងសម្រាកស្ងប់សុខស្រួល នៅក្នងតូបលក់ទំនិញខាងលើនេះ។
ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ ថង់ ហូវ អាយុ៤២ឆ្នាំ មានជម្ងឺជាប់សរសៃចង្កេះ (ត្រូវជាម្តាយ), ទី២-ឈ្មោះ ចាន់ លីហ្សា អាយុ១៣ឆ្នាំ (ត្រូវជាកូនបង្កើត) និង៣-ឈ្មោះ ចាន់ លីតា អាយុ ០៧ឆ្នាំ (ត្រូវជាកូនបង្កើត) ជនរងគ្រោះទាំងបីនាក់រស់នៅភូមិ-កើតហេតុ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ករណីខាងលើនេះការខូចខាតរួម តូបលក់ឥវ៉ាន់ចាបហួយទំហំ ០៥x ០៧ម៉ែត្រ និងសម្ភារទ្រព្យសម្បត្តិនៅក្នុងតូប ត្រូវឆេះខូចខាតទាំងស្រុង ដែលបណ្តាលមកពីផ្ទុះឆ្លងចរន្តភ្លើង។
លោកស្នងការបន្តថា ករណីនេះ ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ពន្លត់ដោយប្រើប្រាស់ទឹកអស់៣ឡាន ទើបរលត់ទាំងស្រុង តែអ្វីដែលខ្លោចចិត្តនោះ គឺគ្រោះថ្នាក់សង្គមនេះបានបណ្តាលឲ្យម្តាយកូនស្រីតូចៗ២នាក់ ស្លាប់ក្នុងហេតុការណ៍គួរឲ្យអាសូរយ៉ាងពន់ពេក៕