(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមបញ្ចូនពលករខ្មែរ ផ្នែកជំនួយការមេផ្ទះ ទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី សារជាថ្មីម្តងទៀត នៅខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោយយន្តការនេះ ត្រូវបានផ្អាកអស់រយៈពេល៧ឆ្នាំ ពោលគឺចាប់តាំងពី ឆ្នាំ២០១១មក។

ការចេញសេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពី លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Dato' Sri Richard Riot Anak Jeam រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី ដើម្បីបន្តពិភាក្សាលើការអនុវត្តឲ្យបានឆាប់រហ័ស នូវអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ស្ដីពីការជ្រើសរើស ណែនាំតម្រង់ទិស ការបញ្ជូន និងការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដើម្បីធានាដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជា ទៅធ្វើការនៅទីនោះ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់បន្ថែមថា កម្ពុជាបានផ្អាកការបញ្ជូនពលការិនីផ្នែកជំនួយការមេផ្ទះ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១១ មកម្ល៉េះ ដោយសារនៅពេលនោះ កម្ពុជានិងម៉ាឡេស៊ីមិនទាន់មានអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការការពារពលការិនីខ្មែរ ផ្នែកជំនួយការមេផ្ទះ ដូចពេលបច្ចុប្បន្ននេះនៅឡើយ។

លោកបន្តថា នៅឆ្នាំ២០១៥ កម្ពុជាបានចុះអនុស្សរណៈជាមួយម៉ាឡេស៊ីសារជាថ្មីហើយ ប៉ុន្តែមិនទាន់បានបញ្ជូននោះទេ ហើយរហូតមកដល់បច្ចុប្បន្ននេះ ទើបភាគីកម្ពុជា-ម៉ាឡេស៊ី បានព្រមព្រៀងគ្នាស្ដីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ២០១៥នោះ។

លោក ហេង សួរ បានបន្ថែមថា តាមរយៈអនុស្សរណៈ និងការព្រមព្រៀងនេះ ភាគីទាំងពីរមានយន្តការការពារពលការិនីខ្មែរច្បាស់លាស់ជាងមុន ដោយមានការបែងចែកភារកិច្ចគ្នាច្បាស់លាស់ រវាងភ្នាក់ងារបញ្ជូនពីកម្ពុជា និងភ្នាក់ងារទទួលនៅម៉ាឡេស៊ី និងតួនាទីរបស់ភាគីម៉ាឡេស៊ី ក្នុងការគ្រប់គ្រង ការពារពលការិនីកម្ពុជានៅទីនោះ។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានទីប្រឹក្សាទទួលបន្ទុកពលករខ្មែរនៅម៉ាឡេស៊ីផងដែរ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលកម្ពុជា ថែមទាំងបានធ្វើកិច្ចសហការជាមួយ សមាគមទទួលពលករកម្ពុជា នៅប្រទេសម៉ាឡេស៊ីទៀតផង ពោលគឺការបញ្ជូនលើកនេះ ភាគីកម្ពុជា និងម៉ាឡេស៊ីមានយន្តការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលការិនីកម្ពុជាច្បាស់លាស់ជាងមុនឆ្នាំ២០១១ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនពលការិនីទៅធ្វើការនៅម៉ាឡេស៊ី សារជាថ្មីទៀត។

សូមបញ្ជាក់ថា សម្រាប់ការបញ្ជូនពលករទៅប្រទេសម៉ាឡេស៊ី នៅខែមិថុនា ខាងមុខនេះ ក្រសួងការងារ មិនទាន់បញ្ជាក់ចំនួនច្បាស់លាស់នៅឡើយទេ ខណៈដែលមានការលើកឡើងថា ការទៅធ្វើការនៅប្រទេសនេះ មានប្រាក់ខែខ្ពស់ជាងនៅប្រទេសថៃ៕