(ស្វាយវៀង)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មានអ៊ុស្រីម្នាក់ឈ្មោះ ប៊ុន ផល្លី អាយុ៦៤ឆ្នាំ រស់នៅក្នុងដីភូមិរបស់គេ ស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង កើតជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ និងអំពាវនាវរកសប្បុរសជនជួយ។
អ៊ុស្រី ប៊ុន ផល្លី មានកូនប្រុសម្នាក់មានឈ្មោះ ឌឿ កាណាន់ អតីតធ្វើជាទាហាន នៅកងពលលេខ៩ វរៈ៣៩៥ នៅឆ្នាំ២០០៩ ខណៈក្នុងអំឡុងពេលបំពេញបេសកម្មនៅខេត្តព្រះវិហារ នៅឆ្នាំ២០១៦ ចៃដន្យអកុសល ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតចោលម្ដាយ ទាំងវ័យកំលោះមិនទាន់រៀបការ។
បើតាមលោក មាស សាឌឿន អាយុ៦០ឆ្នាំ រស់ភូមិព្រៃឆ្លាក់ បានឲ្យដឹងថា សព្វថ្ងៃនេះ បងស្រី ប៊ុន ផល្លី គាត់ពិតជាមានជីវភាពលំបាកពិតប្រាកដមែន កាលពីមុនបងស្រីមានជីវភាព សមរម្យដូចគេដូចឯងដែរ តែចាប់តាំងពីមានជំងឺមហារីកមករុកគួន ក្នុងខ្លួនរបស់បងស្រី ធ្វើឲ្យស្ថានភាពគ្រួសារធ្លាក់ដុនដាប សូម្បីតែដីក៏គ្មានដីនៅដែរ ដោយបានទៅសុំដីគេស្នាក់នៅ ធ្វើផ្ទះនៅបណ្តោះអាសន្ន។
លោក មាស សាឌឿន បានបញ្ជាក់ទៀតថា បងស្រីកាលពីជំងឺមិនទាន់ធ្វើទុក្ខ គឺគាត់មានមុខរបរបន្តិចបន្តួចលក់ម្ហូបសម្ល នៅមុខមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីគ្រាន់បានចិញ្ចឹមក្រុមគ្រួសារ។ ក្រោយមកប្ដីគាត់មានឈ្មោះ ឌឿ យាន អាយុ៦៥ឆ្នាំ មានជំងឺប្រចាំកាយទៀត ក៏ធ្លាក់ខ្លួនឈឺរកព្រឹកខ្វះល្ងាច និងនៅកំដរប្រពន្ធផងដែរ។
រហូតមកដល់ពេលនេះអ៊ុស្រី ប៊ុន ផល្លី ជំងឺធ្វើទុក្ខខ្លាំង កំពុងសម្រាន្តលើកៅអីបង្អែក ខណៈក្រុមគ្រួសារមិនហ៊ានប្រាប់ដល់គាត់ថា មានជំងឺមហារីកដំណាក់កាលទី៣ នៅឡើយទេ ព្រោះខ្លាចគាត់ពិបាកចិត្ត និងអាចគិតខ្លី។
អ៊ុស្រី ប៊ុន ផល្លី និងក្រុមគ្រួសារគាត់ សូមលើកដៃសំពះសុំសប្បុរសជន ក៏ដូចជាអាជ្ញាធរសង្កាត់ ក្រុង ខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយឧបត្ថមគាំទ្រព្យាបាលជំងឺគាត់ផង៕