(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានអញ្ជើញបិទសន្និបាតការងារបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅសាលរំដួលអគារ A នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមជម្រាបថា ក្នុងពិធីបើកសិន្និបាតការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកបណ្ឌិត សុខ ទូច ព្រមានធ្ងន់ៗថា នឹងជម្រុះឲ្យអស់មន្ត្រីនៅរាជបណ្ឌិត្យសភា ដែលមានតែឈ្មោះ តែមិនធ្លាប់មកធ្វើការ ហើយឲ្យគេស៊ីញ៉េជំនួស ដើម្បីបើកប្រាក់ខែ។
លោក សុខ ទូច ថែមទាំងអះអាងទៀតថា ប្រសិនបើលោកមិនអាចធ្វើការកែប្រែទម្លាប់មិនមកធ្វើការ របស់មន្ត្រីក្នុងស្ថាប័នរបស់លោកបានទេ លោកនឹងចុះចេញពីតំណែង។
ប្រធានរាជបណ្ឌិត្យសភា ដែលបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ីរូបនេះ ក៏បានអះអាងដែរថា លោកនឹងប្រែងប្រែងកែទម្រង់ការងារ និងអភិវឌ្ឍន៍រាជបណ្ឌិត្យសភាកម្ពុជា ដែលឃ្លាំងបញ្ញារបស់កម្ពុជាឲ្យរីកចម្រើន ហើយបើធ្វើមិនបានលោកនឹងចុះចេញពីតំណែង។
លោកបណ្ឌិត សុខ ទូច បានបន្តយ៉ាងដូច្នេះថា «ក្នុងរយៈពេល២ឆ្នាំ បើសិនមិនអាចធ្វើឲ្យរាជបណ្ឌិត្យសភាមានការរីកចម្រើន ខ្ញុំនឹងលាលែងចេញពីតំណែងប្រធានរាជបណ្ឌិត្យសភា។ មានន័យបើខ្ញុំបាននិយាយចេញខ្ញុំនឹងធ្វើ នេះជាចរិករបស់ខ្ញុំ។ បើសិនខ្ញុំកាន់ស្ថាប័ននេះ មិនមានការរីកចម្រើន ខ្ញុំនឹងដើរចេញ អ៊ីចឹងទេកុំឲ្យខ្ញុំដើរចេញត្រូវរឹតបណ្តឹងវិន័យរបស់មន្ត្រីនៅរាជបណ្ឌិត្យសភា ឲ្យមានក្រមសីលធម៌ និងមកធ្វើការឲ្យទៀងទាត់ពេលវេលា»៕