(កំពង់ស្ពឺ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រគល់ ថវិកានិងសម្ភារជិត៨លានរៀល ជូនទៅលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្ត សម្រាប់ចែកជូនកុមារកំព្រា រួមទាំងប្រជាពលរដ្ឋ ជួបការខ្វះខាតចាំបាច់។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ដខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់មូលនិធិនៃក្តីស្រឡាញ់ (រួមគ្នាដើម្បីកំពង់ស្ពឺ) តាមរយៈ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ដែលជារណសិរ្សទូលំទូលាយ ការប្រមូលផ្តុំចលនាយុវជនកម្ពុជា ដើម្បីបុព្ធហេតុជាតិ មាតុភូមិ និងប្រជាជន របស់សមាគមយុវជនសាមគ្គី សង្គ្រោះជាតិកម្ពុជា កំពុងធ្វើកិច្ចការមនុស្សធម៌ដ៏ប្រពៃ ក្នុងនោះផ្តោតលើកុមារកំព្រា ប្រជាជនជួបការខ្វះខាត ចាស់ជរា ជនខ្វះទីពឹង នៅតាមមូលដ្ឋាននានា ដែលកុំពុងជួបបញ្ហាប្រឈម។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា ដោយមើលឃើញពីភាពចាំបាច់នេះ អង្គភាពកងរាជអាវុធហត្ថ រួមទាំងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន បានរួមគ្នាបរិច្ចាគ ថវិកា និងសម្ភារសរុបមានទឹកប្រាក់ ៧,៧៧២,០០០រៀលក្នុងនោះមាន៖ ថវិកាចំនួន ៣,៦០០,០០០រៀល, អង្ករចំនួន០២តោន, ទឹកសុទ្ធវីតាល់ចំនួន១០កេះ ទឹកសុទ្ធធម្មតា៤០យួរ ,មីម៉ាម៉ាចំនួន ២៤កេះតូច,ទឹកក្រូចនិងទឹកផ្លែឈើចំនួន ២០កេះ,ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤០យួរ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។
លោក សរ សុពុត្រា អភិបាលរង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ មានថ្លែងថា «ទឹកចិត្តដ៏ប្រពៃថ្លៃថ្លា មហាប្រសើរនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ដល់បុព្ធហេតុដ៏ឧត្តុង្គឧត្តម និងជាសប្បុរសដ៏ជ្រះថ្លា មិនអាចខ្វះបាន ដើម្បីស្នាមញញឹមនៃកុមារ និងពលរដ្ឋ ដែលកំពុងរងចាំការជួយគាំពា ទាំងផ្នែកសុខភាព និងជីវភាពផងដែរ។
លោកអភិបាលរងបន្តថា ការផ្តល់ជូនថ្ងៃនេះ បានបង្ហាញកម្លាំងកងរាជអាវុធហត្ថ មិនត្រឹមតែអនុវត្តបទបញ្ជាលើការងារ បង្ការ បង្ក្រាប សង្គ្រោះ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាង សកម្ម លើកិច្ចការមនុស្សធម៌ទាំងនេះ បានបញ្ជាក់បានថា កងរាជអាវុធហត្ថ រក្សាបាននៅការគោរពស្រឡាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋដូចជា៖ កូនចៅ បងប្អូន និងក្រុមគ្រួសារតែមួយ៕