(សៀមរាប)៖ ក្នុងកិច្ចប្រជុំស្តីពីនិរន្តរភាព និងការគ្រប់គ្រងទេសចរណ៍ក្នុងរមណីយដ្ឋានបុរាណវិទ្យា និងបេតិកភណ្ឌ ដែលមានមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍ ក្នុងតំបន់បេតិកភណ្ឌពិភពលោក មកពីបណ្តាប្រទេសផ្សេងៗចំនួន១៧នោះ ការបកស្រាយពីការគ្រប់គ្រងរមណីយដ្ឋានអង្គរ ត្រូវបានលើកឡើងយ៉ាងក្បោះក្បាយ ទន្ទឹមនឹងការភ្ញាក់ផ្អើលពេញអង្គប្រជុំចំពោះកិច្ចខិតខំរបស់កម្ពុជានោះ។
ក្នុងកិច្ចប្រជុំកាលពីដើមសប្ដាហ៍នេះ មន្ត្រីជំនាញបានចំណាយពេលពេញមួយថ្ងៃ ដើម្បីចុះធ្វើកម្មសិក្សានៅទីតាំងសំខាន់ៗក្នុងតំបន់អង្គរ ដូចជា បញ្ជរលក់សំបុត្រទស្សនាអង្គរ ការរៀបចំលំហូរភ្ញៀវនៅរួតបាកាណ ការរៀបចំមណ្ឌលបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយស្រី ការរៀបចំភូមិធម្មជាតិរុនតាឯក និងការរៀបចំលំហូរទេសចរណ៍នៅលើប្រាសាទភ្នំបាខែង។
ក្រោយបញ្ចប់កម្មសិក្សានេះ លោក Aufa Syahrizal Sarkomi ដែលជាមន្ត្រីរៀបគ្រប់គ្រងតំបន់ទេសចរណ៍ គុហា Harimau នៃប្រទេសឥណ្ឌូណេស៊ី បញ្ជាក់ថា លោកពិតជាកោតសរសើរនូវការរៀបចំលំហូរទេសចរណ៍នៅអង្គរ ជាពិសេសការអាចកំណត់ចំនួនភ្ញៀវឡើងចុះក្នុងការទស្សនារួតបាកាណ និងភ្នំបាខែង។ លោកបន្ថែមថា ក្រុមការងារលោកនឹងយកគំនិតនេះជូនថ្នាក់ដាក់ដឹកនាំ ដើម្បីរៀបចំនូវតំបន់មួយចំនួនក្នុងប្រទេសរបស់លោក។
ប្រតិភូមកពីប្រទេសថៃពីររូបក៏បានបងា្ហញអារម្មណ៍ភ្ញាក់ផ្អើល ចំពោះគម្រោងរៀបចំភូមិធម្មជាតិរុនតាឯក ដើម្បីកាត់បន្ថយកំណើនគ្រួសារនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។ លោកបញ្ជាក់ថា គម្រោងនេះ បង្ហាញពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍ក្នុងតំបន់បេតិកភណ្ឌ តាមរយៈការទិញដី សង់ផ្ទះជូនប្រជាពលរដ្ឋ និងបង្កើតក្រុមការងារទទួលខុសត្រូវលើជីវភាពរបស់ពួកគេ នៅខាងក្រៅតំបន់បេតិកភណ្ឌជំនួសវិញ។
លោកបន្តថា ច្រើនឆ្នាំមកហើយ ប្រទេសថៃក៏ធ្លាប់មានគម្រោងរៀបចំរបៀបនេះនៅតំបន់មួយដែរ ប៉ុន្តែគម្រោងនោះនៅលើអាកាសប៉ុណ្ណោះ ដោយមិនលេចចេញជារូបរាងឡើយ ក្រោយអ្នកសិក្សារកឃើញថា វាជាការចំណាយដ៏ធំធេងមួយ។
ក្នុងពិធីបិទវគ្គសិក្ខាសាលា នារសៀលថ្ងៃទី៨ ខែកុម្ភៈនេះ សាស្ត្រាចារ្យ Azedine Baschaouch ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានកោតសរសើរដល់ស្មារតីរួបរួមគ្នានៃអ្នកជំនាញគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌគ្រប់តំបន់ ដែលសហការគ្នារៀបចំកម្មវិធីនេះឡើង។
លោកសាស្ត្រាចារ្យកត់សម្គាល់ថា ទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ គឺជាទេសចរណ៍ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដោយហេតុថា ទេសចរណ៍នៅតំបន់នេះអាចជះឥទ្ធិពលមិនល្អច្រើន បើអ្នកគ្រប់គ្រងមានការធ្វេសប្រហែស។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យក៏សំណូមពរឲ្យក្រុមការងារបន្តសហការគ្នា និងបង្កើតបណ្តាញទំនាក់ទំនងគ្នាជិតស្និទ្ធថែមទៀត ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។
នេះជាសិក្ខាសាលាចែករំលែកបទពិសោធន៍ដ៏មានខ្លឹមសារ ដែលនឹងជួយឲ្យអ្នកគ្រប់គ្រងទេសចរណ៍នៅអង្គរ ក៏ដូចជាប្រទេសផ្សេងៗទៀត ទទួលបានដំណោះស្រាយល្អៗសម្រាប់អនុវត្តនៅប្រទេសរៀងៗខ្លួន។ សិក្ខាសាលានេះក៏ស្របនឹងយុទ្ធសាស្ត្រជាតិដែលជំរុញឲ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយនឹងបណ្តាប្រទេសជាដៃគូ ដើម្បីបន្តកិច្ចសហការលើការងារគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌ ឲ្យមានតុល្យភាពរវាងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕