(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរដេញដោលនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តុលាការកំពូលបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោស លោក អ៊ុុំ សំអាន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ២ឆ្នាំ៦ខែដដែល។ នេះជាការសម្រេចបិទផ្លូវតវ៉ា។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀលក្រោម ការចោទប្រកាន់ចំនួនពីរបទល្មើស។
តុលាការរកឃើញថា លោក អ៊ុ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ ឱ្យមានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទី សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។
លោក អ៊ុំ សំអាន ជាប់ចោទចំនួនពីរបទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គមនិងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕