(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ បានបើកយុទ្ធនាការ ចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ នៅតាមលំនៅដ្ឋាន ក្នុងផ្សារដងទង់ ព្រមទាំងធ្វើការណែនាំដល់សិស្សានុសិស្ស ពីចំណីអាហារ មុនបរិភោគ ហើយសាខាកាំកុងត្រូល ក៏បានចុះចែកស្លាកសញ្ញាដល់អាជីវករ សិស្សានុសិស្ស និងប្រជាពលរដ្ឋដើម្បីធ្វើការផ្សព្វផ្សាយបន្ត ក៏ដូចជាធ្វើការពន្យល់ពីការហួសការបរិច្ឆេទថ្ងៃខែឆ្នាំ ផលិតមិនត្រូវទិញយកទៅបរិភោគឡើយ។
យុទ្ធនាការចុះត្រួតពិនិត្យរាល់មុខទំនិញ គ្រឿងភេសជ្ជៈរបស់អាជីវករ ដើម្បីស្វែងរកសារធាតុគីមី និងធ្វើការពន្យល់ដល់ក្រុមអាជីករនេះ ក្រោមការដឹកនាំដោយលោក
ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ សហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរ និងសមត្ថកិច្ច។
ការចុះត្រួតពិនិត្យទៅលើគ្រឿងភេសជ្ជៈ និងនំចំណីដែលអាជីវករដែលដាក់តាំងលក់លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ការចុះពិនិត្យនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ សេវា និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលចែកចេញជាពីទិដ្ឋភាពទិដ្ឋភាពរូមមាន៖
ទី១-ការត្រួតពិនិត្យជាលក្ខណៈរូបវ័ន្ត បានន័យថា យើងត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅ របស់សម្ធិផលម្ហូបអាហារ ទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ។ល។
ទី២-ត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើមក្នុងករណី មានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ជាលទ្ធផល សាខាកាំកុងត្រូល បានចុះត្រួតទំនិញរបស់មន្ត្រីជំនាញ នៅតាមលំដ្ឋានដែលអាជីវករដាក់តាំងលក់ នៅតាមលំនៅដ្ឋាននោះ។ សាខាកាំកុងត្រូល បានមិនបានរកឃើញ នូវផលិតផលគ្រឿងភេសជ្ជៈហួស ថ្ងៃខែឆ្នាំទេដោយសារប្រជាពលរដ្ឋ បានស្វែងយល់ច្រើនពីបញ្ហានេះ។
លោក ហ៊ុយ ភារម្យ បានបន្តថា «អាស្រ័យដោយយើងបានធ្វើការត្រួតពិនិត្យជាប្រចាំ និងជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ នឹងមានការយល់ដឹងពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ»។
ក្នុងឱកាសនោះដែលលោកក៏បានចុះធ្វើការណែនាំដល់សិស្សានុសិស្ស សាលាអនុវិទ្យាល័យជា ស៊ីម ស្មាច់មានជ័យ ដើម្បីធ្វើការពន្យល់ណែនាំដល់ពួកគាត់ បានយល់ពីចំណីអាហារខូចគុណភាព ដើម្បីថែរក្សាសុខភាពខ្លួន នឹងសាខាកាំកុងត្រូលបានធ្វើការបង្ហាញពីអត្ថប្រយោជន៍ នៃសារសំខាន់អំពីអំបិលអ៊ីយូត នឹងឲ្យពួកជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងញ្ញាត្តិជិតឲ្យប្រើប្រាស់របស់មានថ្ងៃខែឆ្នាំ ផលិតត្រឹមត្រូវនឹងមានឈ្មោះក្រុមហ៊ុនត្រឺមត្រូវ ដើម្បីសុខភាពយើងទាំងអស់គ្នា។
ជាចុងក្រោយ លោក ហ៊ុយ ភារម្យ បានធ្វើការអំពាវនាវឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈ អនុលោមភាពខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ចេទផលិត ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករថ្ងៃនេះ មានសារសំខាន់ណាស់ ដើម្បីធ្វើពន្យល់ ពីលក្ខណៈពិសេសមុននឹងប្អុនទិញយកទៅបរិភោគ៕