(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីអំពាវនាវមួយស្ដីពី «ការទប់ស្កាត់ចរាចរណ៍គ្រោះថ្នាក់ផ្លូវគោក» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម នៅពាក់កណ្តាលខែកុម្ភៈ ខាងមុខនេះ។

សម្ដេចក្រឡាហោមបានឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា បានបណ្ដាលឲ្យមានកំណើនជនរងគ្រោះ ជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្ដិជាច្រើន។

គណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍ផ្លូវគោក បានបញ្ជាក់ថា «ភាគច្រើននៃគ្រោះថ្នាក់នេះ បណ្ដាលមកពីការបើកបរយានយន្ដមិនគោរពច្បាប់ ឫធ្វេសប្រហែស ដូចជាបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងប្រថុយប្រថាន ការដឹកនាំទំនិញ ឫអ្នកដំណើរលើសកំណត់ជាដើម -ល-»។

ដើម្បីបង្ការ និងទប់ស្ដារគ្រោះថា្នក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រួមមាន៖

ទី១៖ ត្រូវពាក់មួកសុវត្ថិភាពក្នុងពេលជិះទោចក្រយានយន្ដ, ទី២៖ ត្រូវបើកបរតាមល្បឿនកំណត់, ទី៣៖ ត្រូវបើកបរមិនស្ថិតក្នុងស្ថានភាពស្រវឹង ទី៤៖ ត្រូវគោរពសិទ្ធិអាទិភាព, ទី៥៖ ត្រូវវ៉ាជែងក្នុងស្ថានភាពសុវត្ថិភាព, ទី៦៖ ត្រូវដឹកទំនិញ ឬអ្នកដំណើរតាមច្បាប់កំណត់ជាដើម និងទី៧៖ ព្រមទាំងត្រូវបើកបរ ក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ៕