(ភ្នំពេញ)៖ កិច្ចប្រជុំកំពូល FIFA Executive Football Summit 2018 របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានដំណើរការហើយ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ ក្រោមការដឹកនាំកិច្ចប្រជុំផ្ទាល់របស់លោក Gianni Infantino ប្រធាន FIFA នៅសណ្ឋាគារសូហ្វីតែល ប៉ុន្ដែត្រូវបានរឹតត្បិតមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិចូលទៅផ្តិតរូបភាព ឬយកព័ត៌មានជុំវិញកិច្ចប្រជុំកំពូល ដែលរៀបចំលើកដំបូង នៅលើទឹកដីកម្ពុជានេះឡើយ។
កិច្ចប្រជុំនេះ គឺគ្រោងនឹងរៀបចំរយៈពេល ១ថ្ងៃពេញ ដោយផ្ដោតលើប្រធានបទស្ដីពីគម្រោងអភិវឌ្ឍន៍បាល់ទាត់សកល ។ ប៉ុន្ដែគួរឲ្យស្ដាយក្រៅពីអ្នកសារព័ត៌មានផ្ទាល់របស់ FIFA គឺមិនត្រូវបានអនុញ្ញាតឲ្យចូលយកព័ត៌មាននៃកិច្ចប្រជុំនេះឡើយ។ តែប្រភពពីមន្ដ្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហើបថា ក្រោយចប់កិច្ចប្រជុំ ប្រធាន FIFA លោក Gianni Infantino នឹងអនុញ្ញាតឲ្យអង្គភាពសារព័ត៌មានជាតិមួយចំនួន ចូលជួបផ្ទាល់ក្នុងបន្ទប់មួយ ដើម្បីផ្ដល់បទសម្ភាសន៍ជុំវិញកិច្ចប្រជុំខាងលើ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកជ្រើសរើសរៀបចំកិច្ចប្រជុំ FIFA Executive Football Summit នៅកម្ពុជា។ ប៉ុន្ដែវាជាលើកទី២ ដែលប្រធាន FIFA បានជាន់ទឹកដីកម្ពុជា បន្ទាប់ពីអតីតប្រធាន FIFA លោក Sepp Blatter ដែលធ្លាប់មកទស្សនកិច្ចនៅកម្ពុជាកាលពី១៧ឆ្នាំមុន៕