(ភ្នំពេញ)៖ ក្រុមហ៊ុនហិរញ្ញវត្ថុ Golden FX Link (Cambodia) បានសម្រេចប្ដូរឈ្មោះក្រុមហ៊ុនទៅជា Cambodian Derivatives Exchange ដែលការប្ដូរឈ្មោះនេះធ្វើឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើន។ នេះបើតាមការឲ្យដឹងពីលោក LAWRENCE KOOK អភិបាលនៃក្រុមហ៊ុន Cambodian Derivatives Exchange ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងនោះដែរ លោកក៏បានបន្ថែមឲ្យដឹងទៀតថា ការផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុននេះ មិនត្រឹមតែមិនផ្ដល់ផលប៉ះពាល់ទៅដល់អតិថិជនឡើង តែបែរជាពង្រឹងនូវសក្ដានុពលនៃក្រុមហ៊ុន និងការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើនឡើងៗ។
ក្រុមហ៊ុន Golden FX Link (Cambodia) ដែលបច្ចុប្បន្ននេះមានឈ្មោះថា Cambodian Derivatives Exchange ជាក្រុមហ៊ុនហិរញ្ញវត្ថុដំបូងគេ ដែលទទួលបានអាជ្ញាបណ្ណចំនួន២ ពីគណៈកម្មការមូលបត្រកម្ពុជា ដែលរួមមានអាជ្ញាបណ្ណជាក្រុមហ៊ុនសមភាគីកណ្តាល និងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ បាននិងកំពុងផ្តល់នូវប្រព័ន្ធជួញដូរ (MT4) ដែលទទួលបានការពេញនិយម និងគួរឲ្យទុកចិត្តបំផុត ក៏ដូចជាភាពសម្បូរបែបនៃផលិតផលជួញដូរក្នុងទីផ្សាហិរញ្ញវត្ថុកម្ពុជា និងបច្ចេកវិទ្យាឈានមុខគេ សម្រាប់ការវិនិយោគតាមប្រព័ន្ធអេឡិចត្រូនិច។
ក្រុមហ៊ុន មានបេសកកម្មអភិវឌ្ឍស្ដង់ដារជួញដូរហិរញ្ញវត្ថុនៅកម្ពុជា ឲ្យស្របតាមនិន្នាការអន្តរជាតិ ដោយសហការយ៉ាងខ្ជាប់ខ្ជួន ជាមួយគណៈកម្មការមូលបត្រកម្ពុជា ដើម្បីផ្ដល់សេវាជួញដូរប្រកបដោយតម្លាភាព សុចរិតភាព ក៏ដូចជាផ្ដល់នូវបទពិសោធន៍ ជំនាញ និងចំណេះដឹងទូលំទូលាយដល់អ្នកជួញដូរហិរញ្ញវត្ថុ ដែលរួមមានរូបិយប័ណ្ណអន្តរជាតិ មាស ប្រាក់ និងឧបករណ៍និស្សន្ទផ្សេងទៀត តាមរយៈការផ្តល់ប្រឹក្សា ការផ្ដល់ព័ត៌មាន និងការអប់រំនានា។
លោកបានថ្លែងបន្ថែមទៀតថា មូលហេតុដែលនាំឲ្យមានការផ្លាស់ប្ដូរឈ្មោះនេះ មិនមែនជាការសម្រេចចិត្តរបស់ក្រុមហ៊ុនទេ តែជាសំណូមពររបស់ដៃគូសហការនៅក្រៅប្រទេស ដើម្បីឲ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីក្រុមហ៊ុន និងមានការជឿជាក់ខ្ពស់លើវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា ដែលបច្ចុប្បន្ននេះមានប្រទេសខ្លះមានច្បាប់អនុញ្ញាតិ និងប្រទេសខ្លះទៀតមិនទាន់មានច្បាប់អនុញ្ញាតិលើវិស័យនេះនៅឡើយ ដូច្នេះហើយទីផ្សារកម្ពុជានឹងអាចដឹកនាំ និងជះឥទ្ធិពលដល់ទីផ្សារអាស៊ីទាំងមូល។
លោកបានបន្ដទៀតថា ការផ្លាស់ប្ដូរឈ្មោះនេះរឹតតែទទួលបានការជឿកជាក់ពីសំណាក់អតិថិជន និងសាធារណជនជារួមផងដែរ។ ក្រុមហ៊ុន Cambodian Derivatives Exchange នឹងបន្តស្មារតីរួមសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា ក្នុងការរួមចំណែកផ្តល់ចំណេះដឹង ផ្នែកឧបករណ៍និស្សន្ទទៅកាន់សាធារណជនទូទៅ និងវិនិយោគិនកម្ពុជាតាមរយៈការរៀបចំវេទិកានានា។
លោកអភិបាល ក៏បានជឿជាក់ទៀតថា នៅពេលដែលសាធារណៈជន យល់ដឹងកាន់តែច្បាស់ ពីវិស័យនេះ នោះការអភិវឌ្ឍន៍វិស័យឧបករណ៍និស្សន្ទនឹងមានភាពងាយស្រួលឡើង។ ការផ្លាស់ប្ដូរឈ្មោះទៅជា Cambodian Derivatives Exchange ជាផលវិជ្ជមានដ៏ល្អមួយ ព្រោះក្រុមហ៊ុនអាចចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឬធនាគារអន្ដរជាតិជាច្រើន ដូចជាប្រទេសអូស្រ្ដាលី ប្រទេសអង់គ្លេស ដែលនាំមកនូវសន្ទនីយភាព ជាមួយតម្លៃល្អជាងមុនក្នុងការជួញដូររបស់អតិថិជន។
លោកបញ្ជាក់ទៀតថា ជាផលល្អមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាប្រទេសនានាលើពិភពលោក។ ជាក់ស្ដែងប្រជាពលរដ្ឋ មានប្រជាពលរដ្ឋរស់នៅតាមបណ្ដាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្រ្ដាលី អង់គ្លេសជាដើម។ ប្រសិនបើពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសអូស្រ្ដាលី បានឃើញ និងដឹងថាមានក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុកម្ពុជា Cambodian Derivatives Exchange បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ក្នុងប្រទេសដែលពួកគេកំពុងរស់នៅនោះច្បាស់ណាស់ថា ពួកគេនឹងមានមោទនភាព ចំពោះជាតិខ្លួនជាក់ជាពុំខាន់។
លោកបានបន្ដទៀតថា ការប្ដូរឈ្មោះថ្មីនេះទៀតសោធ ក៏មិនធ្វើឲ្យអតិថិជនបាត់បង់ជំនឿចិត្តនោះទេ ព្រោះឈ្មោះថ្មីនេះបានបង្កប់នូវពាក្យ «Exchange» ដែលមានន័យថាទីផ្សារជួញដូរ និងធ្វើឲ្យសាធារណជនយល់ថា ក្រុមហ៊ុនទទួលបានការជ្រោមជ្រែង ពីគណៈកម្មការមូលបត្រកម្ពុជាយ៉ាងពេញទំហឹង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Cambodian Derivatives Exchange មានអ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើននាក់ ដែលត្រូវបានទទួលស្គាល់គុណវុឌ្ឍិដោយគណៈកម្មការមូលបត្រកម្ពុជា។ សមិទ្ធិផលនេះ នឹងជួយឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ ក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Cambodian Derivatives Exchange មានទីស្នាក់ការនៅអគារ Golden Tower សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕