(ភ្នំពេញ)៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ស្ដីពីអន្ដោប្រវេសន្ដជនជាតិចិន ដែលកំពុងស្នាក់នៅ និងប្រកបអាជីវកម្ម នៅខេត្តព្រះសីហនុ នាទីស្ដីក្រសួងមហាផ្ទៃ។​

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានស្នើសុំគោលការណ៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយពីទទួលបានសេចក្ដីរាយការណ៍អំពីប្រតិកម្ម និងសំណូមពរផ្សេងៗពាក់ព័ន្ធនឹងផលប៉ះពាល់ពីកំណើនជនជាតិចិន ដែលកំពុងស្នាក់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ។

បើតាមសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំខាងលើនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេស ដើម្បីរក្សាបានរឹងមាំនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅធានាដល់និរន្ដភាពនៃការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ។

សូមជម្រាបថា កិច្ចប្រជុំខាងលើនេះ មិនត្រូវបានអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌ចូលថតរូប ឬចូលយកព័ត៌មាននៃខ្លឹមសារកិច្ចប្រជុំឡើយ៕