(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បើកសវនាការរឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី មេធាវីការពារក្ដីលោក អ៊ុ សំអាន ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News។
មន្ត្រីតុលាការកំពូលថ្លែងថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៊ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀលក្រោម ការចោទប្រកាន់ចំនួនពីរបទល្មើស។
តុលាការរកឃើញថា លោក អ៊ុំ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ ឱ្យមានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទី សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។
លោក អ៊ុំ សំអាន ជាប់ចោទចំនួនពីរបទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គមនិងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕