(ភ្នំពេញ)៖ យុវជន និងអ្នកស្វែងរកការងារច្រើនឡើងៗ បានចូលរួមវេទិកាការងារជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ។
វេទិកាការងារនេះជាផ្នែកមួយនៃការជំរុញ យន្តការរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើ នឹងបានចូលរួមបង្កលក្ខណៈជួបជុំគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ដែលបានបង្កើនប្រសិទ្ធភាពក្នុងការទទួលបានសេវាការងារនៅនឹងកន្លែង និងការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ។
ជាក់ស្តែងសម្រាប់ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨៖០០ ដល់ម៉ោង ១១៖៣០នាទីព្រឹក ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយក្រុមហ៊ុនគង់ នួន គ្រុប រៀបចំ «កិច្ចសម្ភាសន៍ការងារ» ដែលមានអ្នកជាប់ការងារស្ថាពរ៥រូប និងជាប់បឋមចំនួន២៨នាក់។
ប្អូនប្រុស ភូ ឆាយ ជានិស្សិតឆ្នាំទី២ជំនាញ IT នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជាប់ការងារផ្នែករដ្ឋបាល លើកឡើងថា ប្អូនទទួលបានបានព័ត៌មាន ពីការសម្ភាសន៍ការងារនេះគឺតាមរយៈបណ្តាញសង្គមហ្វេសបុក ហើយនេះជាលើកទី១ហើយដែលប្អូនចូលរួមវេទិកាការងារនេះ «កន្លងមកខ្ញុំធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់នៅក្នុងក្រសួងការងារប៉ុណ្ណោះ តែពេលមករៀនបងៗដែលធ្វើការនៅក្រសួងប្រាប់ថាមានវេទិកាការងារនៅថ្ងៃនេះ»។
ប្អូនប្រុសឆាយ បានផ្តាំថាបើចង់បានការងារធ្វើយុវជនទាំងអស់អាចតាមដានព័ត៌មាន ពីឱកាសការងារតាមហ្វេសបុករបស់ NEA ព្រោះក្នុងនេះជាប្រភពនៃការងារជាច្រើនផ្នែក និងជាច្រើនមុខដំណែង។ លើសពីនេះទៀត ប្អូនប្រុសឆាយថា មុននឹងចូលសម្ភាសន៍ការងារឲ្យទទួលបានជោគជ័យត្រូវរៀប CVឲ្យបានល្អ ស្លៀកពាក់ឲ្យបានសមរម្យ មានសីលធម៌ល្អ ពិសេសត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់។
ចំណែកប្អូនស្រី ឡេង ស្រីណុច ឯណេះវិញ ជានិស្សិតបញ្ចប់ថ្នាក់ Marketing ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និយាយថាប្អូនបានមកចូលរួមវេទិកាការងារនៅក្រសួងការងារ ពីរលើកមកហើយ បើគិតទាំងលើកនេះ។ ហើយព័ត៌មាននេះប្អូនទទួលបានតាមរយៈ ហ្វេសបុក និងផេករបស់ NEA។ ជាមួយគ្នានេះ ស្រី ណុច បានកត់សម្គាល់ពីលក្ខណៈងាយស្រួលចំពោះការចូលរួមវេទិកាការងារថា”ចូលរួមក្នុងវេទិកាការងារ យើងមានឱកាសបានសម្ភាសន៍ការងារច្រើនជាងការដាក់ CV នៅតាមក្រុមហ៊ុន។
ស្រីណុចបានឲ្យដឹងថា ប្អូនសម្ភាសន៍ជាប់ការងារផ្នែកsale administration នៅក្រុមហ៊ុនគង់ នួន គ្រុប។ ជាមួយគ្នានេះដែរស្រីណុចបានណែនាំដល់អ្នកកំពុងរកការងារធ្វើថា បើចង់បានការងារធ្វើសូមឧស្សាហ៍តាមដាន Page របស់ NEA អោយបានជាប់លាប់ ព្រោះវាបានផ្សព្វផ្សាយពីឱកាសការងារជាច្រើនជារៀងរាល់ថ្ងៃ។
ប្រធានផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុន Kong Nuon Group លោក បាន ថាវុធ បានឲ្យដឹងថា ការរៀបចំវេទិកានេះឡើង គឺដោយសារតែមានកិច្ចសហការល្អជាមួយ NEA ”អរគុណដល់ NEA ដែលបានជួយរៀបចំកន្លែងសម្ភាសន៍ និងពិសេសមានការសហការល្អពីមន្ត្រីរបស់ NEA ទើបក្រុមហ៊ុនអាចដំណើរការជ្រើសរើសបុគ្គលិកជាទ្រង់ទ្រាយធំនេះបាន។
លោកថាវុធ ថាសម្រាប់ការសម្ភាសន៍នេះមានបេក្ខជនខ្លះជាប់ជាស្ថាពរ និងខ្លះទៀតត្រូវទៅសម្ភាសន៍បន្តជាមួយក្រុមហ៊ុន តែអ្នកទៅសម្ភាសន៍នៅក្រុមហ៊ុនបន្តទៀតនេះ គឺពួកគាត់អាចជាប់៨០ភាគរយរួចទៅហើយ។
សូមជម្រាបថានៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗចំនួន៦ នឹងរៀបចំវេទិកាការងារប្រចាំខែ ដែលមានឱកាសការងារប្រមាណ៨៩៨កន្លែង នោះរួមមាន៖ ផ្សារទំនើប AEon Mall, ផ្សារទំនើបMakro, ក្រុមហ៊ុន Park café, ក្រុមហ៊ុន Kong Nuon Group ក្រុមហ៊ុន ONLINE និងក្រុមហ៊ុន GFG Investment។ ក្រុមហ៊ុនទាំង៦នេះ នឹងមកធ្វើការសម្ភាសដោយផ្ទាល់ជាមួយនឹង យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង៨៖០០ ដល់ម៉ោង៥កន្លះល្ងាច។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕