(ភ្នំពេញ)៖ ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង និងជាគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនដល់សមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ ដើម្បីសាងសង់ផ្ទះចំនួនពីរខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជន ជាជនពិការទីទ័លក្រនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន សរុបចំនួន៤៣៨ខ្នង ទូទាំំងប្រទេស និងដោយឡែក សម្រាប់ខេត្តឧត្តរមានជ័យចំនួន៤៨ខ្នង។

ក្រៅពីការយកចិត្តទុកដាក់ចំពោះជីវភាព មន្ត្រីរាជការទូទៅ និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយសអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ តាមរយៈការគិតគូរពីសុខទុក្ខការលើកទឹកចិត្ត ការឧបត្ថម្ភផ្សេងៗជាច្រើនទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជនចោល ដែលផ្ទុយស្រឡះនិងអ្នកប្រឆាំងមួយចំនួនបានចោទថា រដ្ឋាភិបាលមិនបានគិតគូយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនទាល់តែសោះ។

តាមការពិតប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ តាមរយៈការឧបត្ថម្ភនូវគោលរបប ការតម្លើងប្រាក់បៀវត្សរ៍ ការផ្តល់ដីសម្បទានសង្គមកិច្ច ការកសាងផ្ទះ ដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ជាក់ស្តែង អំណោយជាថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង និងជាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនគណៈកម្មាធិការ ស.អ.ក ខេត្តឧត្តរមានជ័យ សម្រាប់ធ្វើផ្ទះចំនួន០២ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជន ជាជនពិការចំនួន០២រូប គឺទី១ ផ្តល់ជូនអនុសេនីយ៍ទោ សូយ សុវណ្ណ ទី២ ផ្តល់ជូនពលទោ រិន ថូ ដែលបច្ចុប្បន្នរស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕