(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានមាតុភូមិនិវត្តមកដល់ កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិ អាស៊ានក្រៅផ្លូវការ (ADMM-Retreat), កម្មវិធីតាំងពិព័រណ៌លំហអាកាសនៅសឹង្ហបូរី ប្រចាំឆ្នាំ២០១៨ និងបានបន្តរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិ អាស៊ាន- ចិន បន្តទៀត(Singapore Airshow 2018) ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។
សូមរំលឹកថា ក្នុងដំណើរកិច្ចប្រជុំនេះ អមដំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិ បានចូលជួបប្រជុំទ្វេភាគីជាមួយបណ្ឌិត ង៉ អេង ហែន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី ដែលបានប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារ រីតខាទិន (Ritz-Carlton Millenia Singapore)។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបានព្រមព្រៀងគ្នាដើម្បីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្មក្នុងចំណោមគ្រឹះស្ថាន ការពារជាតិអាស៊ាន និងជាមួយដៃគូ ខាងក្រៅរបស់អាស៊ាន។ អាស៊ាននឹងបង្កើនកិច្ចសហប្រតិបត្តិការ ជាក់ស្តែងតាមរយៈលំហាត់ និងការបណ្តុះបណ្តាលរួមគ្នាការចែករំលែកព័ត៌មាន និងបង្កើនកិច្ចសន្ទនា និងការចែករំលែក នូវបទពិសោធន៍ល្អៗ ទទូទាំងរដ្ឋជាសមាជិកអាស៊ាន។
សេចក្តីថ្លែងការណ៍រួម បានចាត់ទុកថា អំពើភេរវកម្ម និងហិង្សាជ្រុលនិយមគឺជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះវឌ្ឍនភាព វិបុលភាព និងការរស់នៅរបស់អាស៊ាន។ អាស៊ាននៅតែប្តេជ្ញាប្រឆាំងការគំរាមកំហែងនេះដើម្បីផលប្រយោជន៍ប្រជាជនអាស៊ានទាំងមូល។
ដោយឡែក សម្រាប់លទ្ធផល នៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នឹងបន្តពង្រឹងចំណងមិត្តភាព និងជំរុញទស្សនវិស័យរួមគ្នា នៃវឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នារបស់ទូទាំងតំបន់៕