(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ ឆាយ ម៉ីជូ ដែលបានដាក់ពាក្យបណ្ដឹងលើលោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា បានស៊ីដាច់ម៉ូតូនោះ បានសម្រេចដកពាក្យបណ្ដឹងវិញហើយ ក្រោយរូបគេដឹងថា ជារឿងយល់ច្រឡំខ្លួនឯង។
បើតាមពាក្យសុំដកពាក្យបណ្ដឹង ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នាងខ្ញុំដឹងថាម៉ូតូដែលរក្សាទុក នៅស្នងការរាជធានីភ្នំពេញ បណ្ដោះអាសន្ននោះគឺមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដូច្នេះនាងខ្ញុំសុំដកពាក្យបណ្ដឹងឈប់ប្ដឹងឈ្មោះ ប៊ុន សត្យា ហៅទិវា០១ ចាប់ពីថ្ងៃនេះតទៅ និងសុំឲ្យតម្កល់សំណុំរឿងព្រហ្មទណ្ឌ»។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុងចំពោះស្ត្រីម្នាក់ឈ្មោះ ឆាយ ម៉ីជូ អាយុ២១ឆ្នាំ ដែលបានប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ថា លោកបានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋយ៉ាងសកម្ម ហើយដកហូតបានម៉ូតូ១គ្រឿងស៊ីដាច់ និងព្យាយាមមិនចង់ជួបគាត់ជាម្ចាស់ ដែលទៅសុំយកម៉ូតូវិញនោះ។
លោកនាយការិយាល័យ បានបញ្ជាក់ថា រឿងនេះមិនមែនជាការពិតនោះទេ ពីព្រោះលោកបានធ្វើលិខិតជាផ្លូវការមួយ គោរពស្នើសុំទៅតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតខ្ចីយកម៉ូតូនោះ មកបម្រើការងារប្រចាំការប្រដេញចាប់ជនល្មើស «ជាម៉ូតូធំ» នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល។ ជាពិសេសស្ត្រីឈ្មោះ ឆាយ ម៉ីជូ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣អា ផ្លូវលេខ៥១៦ ក្នុងភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបានប្ដឹងលោកនោះ អាចជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ និងមិនបានទំនាក់ទំនងមកកាន់ លោកដោយផ្ទាល់ឡើយ បានត្រឹមទាក់ទងជាមួយកូនចៅលោកតែប៉ុណ្ណោះ មានអាវុធហត្ថម្នាក់ផងដែរ មករត់ការស្នើសុំយកម៉ូតូត្រឡប់ទៅវិញ តែមិនអាចអនុញ្ញាតឲ្យបាន និងណែនាំឲ្យស្ត្រីនោះថា ម៉ូតូជាវត្ថុតាងជិះធ្វើសកម្មភាពឆក់ របស់ជនល្មើសដែលជាចំណាត់ការរបស់តុលាការ។
ការបដិសេធច្រានចោល និងធ្វើការបកស្រាយឡើងវិញទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើនេះ ត្រូវលោក ប៊ុន សត្យា ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២១ កម្លាំងការិយាល័យ បានបន្តស្រាវជ្រាវ រហូតឈានដល់បើកការបង្រ្កាបមុខសញ្ញាចាស់ម្នាក់ ដកហូតបានវត្ថុតាង មានម៉ូតូ១គ្រឿងម៉ាកហុងដា X-RAY ពណ៌សខ្មៅ សេរីឆ្នាំ២០០៨ លេខតួ១២០០៥២៦-លេខម៉ាស៊ីន ១៧០០៤៩៦ ពាក់ស្លាកលេខ ភ្នំពេញ1GO-2191 ដែលជាមធ្យោបាយជិះធ្វើសកម្មភាព របស់ជនសង្ស័យ នៅត្រង់ចំណុចលើកំណាត់ផ្លូវលេខ៣៦៩ ភូមិម៉ាកក្លឿ សង្កាត់ផ្សារអំពៅ២ ខណ្ឌច្បារអំពៅ ដែលទើបចេញពីពន្ធនាគារបាន៨ខែប៉ុណ្ណោះ ក្នុងបទល្មើសឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ និងមានទាំងដីកាបង្គាប់ឲ្យឃុំខ្លួនចំនួន២ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ និងដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដែលចេញដោយលោក ថ្លាង ផាណែត ចៅក្រមស៊ើបសួរសលាដំបូងរាជធានីភ្នំពេញ។
លោកបន្តថា ក្រោយបង្ក្រាបឃាត់ខ្លួនសួរនាំ ជនសង្ស័យមានឈ្មោះ លី សុវណ្ណា ហៅសៀវ សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៦៩ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និងបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កន្លងមក គេបានធ្វើសកម្មភាព (ឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន៥លើកមកហើយ តាមដែលអាចចាំបាន និងបូករួមទាំងចាំមិនបានអាចលើសពី៥ករណីទៅទៀត ដោយករណីទី១-(ឆក់ទូរស័ព្ទដៃម៉ាកSamsung GalaxyNote5 ពណ៌ខ្មៅ) កាលពីថ្ងៃទី០៣-១២-២០១៧ វេលាម៉ោងប្រហែល១៩នាទី នៅចំណុចមុខផ្ទះលេខ៩១ ផ្លូវលេខ១០៥ ក្រុមទី៣៣ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ៕