(បាត់ដំបង)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបបានជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀនម៉ាទឹកកកជាង១គីឡូក្រាម នៅចំណុចផ្ទះសំណាក់គាន ថៃ ស្ថិតក្នុងក្រុមទី៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងនគរបាលខេត្ត បានឲ្យដឹងថា ដោយឆ្លងតាមការស៊ើបអង្កេតអស់រយ:ពេលជាច្រើនថ្ងៃមក នៅថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញ ទើបចុះបង្រ្កាបក្នុងបទល្មើសជាក់ស្តែង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានម៉ាទឹកកកជាង១គីឡូក្រាម រថយន្តលុច្សស៊ីស RX 300 ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2L-6169 និងសម្ភារៈមួយចំនួនទៀត។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១៖ឈ្មោះ សាំង សេរី អាយុ៣៨ឆ្នាំ រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងទី២៖ឈ្មោះ លាង ជឿន អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញបានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមច្បាប់៕