(កណ្ដាល)៖ លោកឧកញ៉ា ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តកណ្តាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិការចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូនដល់គ្រួសារលោក លាត លាង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល។
ក្រៅពីការប្រគល់ផ្ទះថ្មី លោកឧកញ៉ា ស្រី ចាន់ថន ក៏បានផ្ដល់អំណោយមួយចំនួនដូចជា៖ អង្ករ៥០គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ភួយខ្នើយ និងថវិកាបន្ថែមសរុប ២០០,០០០រៀល។
ក្នុងនោះផងដែរ លោកឧកញ៉ាបានរៀបចំជាម្ហូបអាហារសម្រាប់លោកតា លោកយាយ និងកុមារតូចៗ ចំនួន៥០នាក់ ដែលម្នាក់ទទួលបាន អាវរងា១ និងថវិកាចំនួន ១០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ាបានអញ្ជើញទៅទស្សនានូវសាលាឆាន់បារ៉ុង និងបានឧបត្ថម្ភថវិក ចំនួន២,០០០ដុល្លារ សម្រាប់ល្ខោនរយៈពេល២យប់ ជូនបងប្អូនលោកតា លោកយាយទស្សនាព្រមទាំងស៊ីម៉ង់ចំនួន១០តោន ដើម្បីឲ្យសាលាឆាន់មួយនេះ បានបញ្ចប់ដោយស្ថាពរ និងអាចប្រើប្រាស់ជាប្រយោជន៍សំខាន់ សម្រាប់ប្រជាពលរដ្ឋនៅទីនោះ។
ក្រោយបញ្ចប់កម្មវិធីលោក ឧកញ្ញ៉ា ស្រី ចាន់ថន ក៏បានឧបត្ថម្ភជាថវិកាមួយចំនួនដល់ប្រជាការពារ សមត្ថកិច្ច លោកមេភូមិ មេឃុំ និងបានជួយទំនុកបំរ៉ុង ដល់សមាគមមនុស្សចាស់ ក្នុងឃុំមួយខែ ២០០,០០០រៀល ជារៀងរាល់ខែផងដែរ៕