(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជាបានទទួលគម្រោងវិនិយោគ របស់សាធារណរដ្ឋកូរ៉េចំនួន ២០៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤.៧ប៊ីនលានដុល្លារអាមេរិក។
CDC បានឲ្យដឹងទៀតថា គម្រោងវិនិយោគរបស់សាធារណរដ្ឋកូរ៉េ មានការកើនឡើងជាលំដាប់ ជាពិសេសនៅឆ្នាំ២០១៧ អ្នកវិនិយោគសាធារណរដ្ឋកូរ៉េ បានបោះទុនវិនិយោគដល់ទៅ ២០២លានដុល្លារអាមេរិក ច្រើនជាងពេលណាៗទាំងអស់ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ និងឈរនៅលំដាប់ទី៥ ក្នុងចំណោមទុនវិនិយោគបរទេសមកកម្ពុជា ដែលទំហំវិនិយោគនេះ បានបង្ហាញអំពីភាពកាន់តែជឿជាក់ ទៅលើបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េ។
ការបង្ហាញតួលេខវិនិយោគនេះ ធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះកម្ពុជា-កូរ៉េ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងលោក Yun Kang-hyeon អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ភាគីកម្ពុជា និងភាគីសាធារណរដ្ឋកូរ៉េ។
គួររំលឹកផងដែរថា នេះគឺជាលើកទី២ ដែលគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានជួបប្រជុំ ដោយកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសកិច្ចប្រជុំលើកទី២នេះ ការពិភាក្សាបានផ្តោត លើការពិនិត្យរួមគ្នាលើវឌ្ឍនភាព នៃការអនុវត្តការងារដែលភាគីទាំងពីរ បានឯកភាពគ្នានាកិច្ចប្រជុំលើកទី១កន្លងមក និងពិភាក្សាបន្ថែមលើប្រធានបទសំខាន់ៗ រួមមាន៖ ១៖ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ, ២៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ក្នុងក្របខ័ណ្ឌនៃគោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy) ដែលត្រូវបានប្រកាសដោយឯកឧត្តមប្រធានាធិបតី ម៉ូន ចេអ៊ីន (Moon Jae-in)កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងគោលបំណងលើកកម្ពស់ ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានភាពជិតស្និទបន្ថែមទៀត, ៣៖ ពាណិជ្ជកម្ម និងវិនិយោគ, ៤៖ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ៥៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងពហុភាគី ក្នុងក្របខ័ណ្ឌអាស៊ាន-សាធារណរដ្ឋកូរ៉េ/អាស៊ានបូក៣/កិច្ចប្រជុំកំពូលអាស៊ីបូព៌ា, ៦៖ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ, ៧៖ កិច្ចសហប្រតិបត្តិការស្តីពី e-government និង ៨៖ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ភាគីសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា និងជាពិសេសដល់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េ ដែលតែងតែផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះផងដែរ លោក សុខ ចិន្តាសោភា បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះការដាក់ចេញ នូវគោលនយោបាយភាគខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ ហើយឯកឧត្តមក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយថ្មីនេះនឹងក្លាយជាចលករ យ៉ាងសំខាន់ក្នុងការជំរុញកិច្ច សហប្រតិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងទ្វេភាគី ជាពិសេសការជំរុញ និងទាក់ទាញអ្នកវិនិយោគសាធារណរដ្ឋកូរ៉េកាន់តែច្រើនមកកម្ពុជា ហើយក៏នឹងចូលរួមចំណែកផងដែរ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនថ្មី សំដៅកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ លោក សុខ ចិន្តាសោភា ក៏បានធ្វើការអំពាវនាវដល់ភាគីសាធារណរដ្ឋកូរ៉េ បន្តគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិយោគឯកជន៕