(ពោធិ៍សាត់)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការនិងតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តពោធិ៍សាត់ បន្ទាប់ពីបានដំណើរការអស់ រយៈពេល២ថ្ងៃនោះរួចមក។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រយៈពេល២ថ្ងៃ សន្និបាតទទួលបានលទ្ធផលគួជាទីមោទនៈ ដោយសមាជិកសមាជិកាបានធ្វើបទអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការផ្តល់សេវាសាធារណៈជូនប្រជាជន ការអភិវឌ្ឍន៍វិស័យអប់រំឆ្ពោះទៅរកគុណភាព វិធានការបង្ការទប់ស្កាត់នេសាទ ព្រៃឈើខុសច្បាប់ ភូមិឃុំមានសុវត្ថិភាព វិធានការដឹកជញ្ជូនលើសទម្ងន់កំណត់ យន្តការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ និងវិស័យសុខាភិបាល ស្រុកប្រតិបត្តិបាកាន។

ទាំងបទអន្តរាគមន៍ ក៏ដូចជា កិច្ចពិភាក្សា បានផ្តោតសំខាន់លទ្ធផលការងារ លើបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ ជាគន្លឹះដើម្បីធានាមានប្រសិទ្ធិភាព និងធាតុចូលរួម ក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០១៨។ លោកបានលើកឡើងទៀតថា នៅខាងមុខរដ្ឋបាលខេត្ត នឹងបន្តការខិតខំពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាព រចនាសម្ព័ន្ធ និងប្រមូលផ្តុំទស្សនៈបញ្ញាញាណ ពុះពារជំនះដោះស្រាយបញ្ហាប្រឈមនានាដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខុមាលភាព វិបុលសុខជូនប្រជាជនទូទាំងខេត្ត។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ក្នុងការលុបបំបាត់ភាពអសកម្ម អំពើពួករលួយ និងមានតម្លាភាព ពិសេសក្នុងជួរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋាន និងរួមចំណែកយ៉ាងសកម្ម លើការងារកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

លោកបានថ្លែងទៀតថា ទន្ទឹមនឹងសមិទ្ធផលដែលខេត្តពោធិ៍សាត់ទទួលបានក្នុងឆ្នាំ២០១៧ ក៏នៅមានបញ្ហាប្រឈមត្រូវរួមគ្នាបន្តដោះស្រាយ និងខិតខំសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ គឺខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ជម្រុញនិងអនុវត្តកម្មវិធីកំណែទម្រង់នានា នៅចុងអាណត្តិរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចខ្ពស់ សម្រាប់ជាមូលដ្ឋាន និងខិតខំប្រមូលផ្តុំ បង្កើនប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណូមពរ សំណើរ និងតម្រូវការចាំបាច់ ដែលពាក់ព័ន្ធ ទៅនឹងជីវភាពប្រជាជន។

លោកបានដាក់ចេញទិសដៅសំខាន់ៗ សម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អំពីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ ថែរក្សាការពារធនធានធម្មជាតិ របៀបរបបការងារ និងបន្តលើកកម្ពស់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ និងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

នៅក្នុងឱកាសនោះ លោក ព្រុំ សុខា ក៏បានបំពាក់មេដាយមាសការងារ, មេដាយប្រាក់ការងារ និងមេដាយសំរិទ្ធការងារ ជូនដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងអភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការ មន្ត្រីពន្ធនាគារ និងស្មៀនឃុំ នៃខេត្តពោធិ៍សាត់ សរុប៥៣រូប ដែលបានខិតខំប្រឹកប្រែងបំពេញភារកិច្ច បានល្អប្រសើរផងដែរ៕