(ពោធិ៍សាត់)៖ នៅបណ្តាខេត្តនីមួយៗ តែងតែមាននិមិត្តសញ្ញាសម្គាល់របស់ខេត្តនោះរៀងៗខ្លួន ជាក់ស្តែងដូចជា ខេត្តកំពង់ធំ មានរូបចម្លាក់ដំរីជាន់ខ្លា, ខេត្តកំពង់ឆ្នាំង មានរូបចម្លាក់ឆ្នាំង ខេត្តបាត់ដំបង មានលោកតាដំបងក្រញូងជាដើម។
ដោយឡែក សម្រាប់ខេត្តពោធិ៍សាត់ មានផ្តិលថ្មកែវ ដែលបានសាងសង់ពីថ្មកែវ ដាក់នៅរង្វង់មូល ដែលមានចម្ងាយប្រមាណ០៥គីឡូម៉ែត្រ ខាងកើតទីប្រជុំជនក្រុងពោធិ៍សាត់ ហើយដែល ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤កន្លងទៅ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
បើតាមលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងជាអតីតអភិបាលខេត្ត បានឲ្យដឹងថា លក្ខណៈពិសេស នៃភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺមានជួរភ្នំធំៗពីរ តំបន់វាលទំនាប និងតំបន់ទន្លេសាប។ តំបន់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ គឺជាភ្នំខ្ពង់ជាងគេនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានភ្នំជាច្រើនដែលមានសក្តានុពលធម្មជាតិ ទឹក រ៉ែ និងព្រៃឈើ។
តំបន់វាលទំនាបមានសក្តានុពលខាងវិស័យកសិកម្ម គឺដំណាំស្រូវ និងដំណាំផ្សេងៗទៀត។ រីឯតំបន់បឹងទន្លេសាបមានប្រភពទឹកមិនចេះរីងស្ងួន និងព្រៃលិចទឹក ដែលសម្បូណ៌ ទៅដោយជីវៈចម្រុះ មច្ឆជាតិ និងប្រភេទសត្វសាបជាច្រើន។
លោក ខូយ សុខា បានឲ្យដឹងទៀតថា ខេត្តបានសម្រេចកសាងរូបចម្លាក់ផ្តិល ដែលមានគម្របឆ្លាក់អំពីថ្មកែវ ស្ថិតនៅលើជើងពាន មានខឿនថ្មជាទម្រ ស្ថិតនៅកណ្តាលផ្លូវជាតិលេខ៥។
រង្វង់មូលផ្តិលមានអង្កត់ផ្ចិត២០ម៉ែត្រ ជើងទម្រផ្តិលមានបីថ្នាក់មានអង្កត់ផ្ចិត១១,២០ម៉ែត្រ កម្ពស់៣,១៥ម៉ែត្រ តួផ្តិតកម្ពស់ដល់គម្របលើប្រវែង៨,៨៥ម៉ែត្រ និងអង្គត់ផ្ចិតផ្តល់ ប្រវែង៦ម៉ែត្រ អាចផ្ទុកទឹកប្រមាណ១៣៥ម៉ែត្រគូប។
ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងជាអតីតអភិបាលខេត្តរូបនេះ បានបញ្ជាក់ថា និមិត្តរូបផ្តិលមានអត្តសញ្ញាណសំខាន់រួមមាន៖ ផ្តិលជានិមិត្ត នៃការតម្កល់ទឹកទុក។ ថ្មកែវជាប្រភេទរ៉ែ ដែលមាននៅក្នុងតំបន់ជួរភ្នំឱរ៉ាល់ ក្នុងខេត្តពោធិ៍សាត់តែប៉ុណ្ណោះ វាជាវត្ថុធាតុដើមពេញនិយមឆ្លាក់ជារូបចម្លាក់ផ្សេងៗ ដូចជារូបបដិមា អប្បរា ស្រីគ្រប់ល័ក្ខណ៍ជាដើម។
លោកបន្ដថា ប្រជាជនក្នុងខេត្តពោធិ៍សាត់ បានទទួលការបណ្តុះបណ្តាលតាំងពីសម័យសង្គមរាស្រ្តនិយម។ បច្ចុប្បន្ននៅទីរួមខេត្តពោធិ៍សាត់ សម្បូណ៌ទៅដោយចម្លាក់ថ្មកែវជាច្រើនកន្លែង មានកន្លែងលក់ដុំ និងលក់រាយផងដែរ។
សូមបញ្ជាក់ថា សមិទ្ធផលរង្វង់មូលផ្តិលថ្មកែវ គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកំពុងកើតមានបន្តបន្ទាប់គ្នា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕