(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្តីអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកបញ្ជាទិញ កម្មករ សហជីព អ្នកគ្រប់គ្រងរោងចក្រ និងរាជរដ្ឋាភិបាល សូមរួមគ្នាខិតខំប្រឹងប្រែង ជួយសហការជួយធ្វើឲ្យវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជារីកចម្រើន។
GMAC បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈនេះ គឺជាខែដំបូង នៃឆ្នាំ២០១៨ ដែលកម្មករនិយោជិតរបស់យើងទទួលបានប្រាក់ឈ្នួល ក្នុងកម្រិតខ្ពស់ថែមទៀតជាងឆ្នាំកន្លងៗទៅ។ ការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល និងនិយោជកក្នុងរយៈពេលកន្លងមក ពិតជាបានធ្វើឲ្យប្រាក់ឈ្នួលមានកម្រិតសមរម្យ ដែលផ្តល់លទ្ធភាពដល់កម្មករទាំងអស់ ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាចំណុចមួយ ដែលទទួលបានការលើកទឹកចិត្ត និងអបអរសាទរពីសំណាក់សាធារណជន ទាំងជាតិនិងអន្តរជាតិ។
ដើម្បីជួយឲ្យវិស័យកាត់ដេររបស់កម្ពុជា បន្តរីកចម្រើនសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមមាន៖
១៖ អ្នកបញ្ជាទិញ៖ សូមបន្តការគាំទ្រដល់កម្ពុជា ដោយផ្តល់នូវការបញ្ជាទិញឲ្យបានគ្រប់គ្រាន់ រួមនឹងការផ្តល់តម្លៃសមរម្យ យុត្តិធម៌ដល់រោងចក្រនៅកម្ពុជា។ នេះស្របនឹងការតាំងចិត្ត របស់អ្នកបញ្ជាទិញដែលតែងតែ បានថ្លែងគាំទ្រដល់ការដំឡើងប្រាក់ ឈ្នួលដល់កម្មករ និងការលើកកម្ពស់លក្ខខណ្ឌ ការងារកាន់តែប្រសើរឡើង។
២៖ កម្មករ និងសហជីព៖ សូមចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង របស់អ្នកគ្រប់គ្រងរោងចក្រ ក្នុងការលើកកម្ពស់ផលិតភាពការងារឲ្យកាន់តែប្រសើរ ពង្រឹងគុណភាពទំនិញ និងកាត់បន្ថយនូវការខ្ជះខ្ជាយ ធនធានផ្សេងៗនៅក្នុងផលិតកម្ម និងរោងចក្រទាំងមូល។ សូមមានឥរិយាបថការងារសមរម្យ គោរពពេលវេលាការងារ និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចការងារ។
៣៖ អ្នកគ្រប់គ្រងរោងចក្រ៖ សូមពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធគ្រប់គ្រង ឲ្យកាន់តែមានភាពប្រសើរឡើង ទាំងក្នុងផ្នែកការិយាល័យ និងទាំងក្នុងផ្នែកផលិតកម្ម។
៤៖ រាជរដ្ឋាភិបាល៖ សូមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ឲ្យកាន់តែខ្ពស់ឡើងតាមរយៈការកែលម្អសេវាសាធារណៈ ដោយផ្តោតទៅលើការកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗ ទាំងកម្រៃផ្លូវការ និងមិនផ្លូវការ រួមនឹងការធ្វើសាមញ្ញកម្មនៃនីតិវិធីពាក់ព័ន្ធផ្សេងៗ។ សូមផ្តោតជាសំខាន់ផងដែរដល់បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារ ព្រមទាំងការអនុវត្តប្រកបដោយតម្លាភាពពាក់ព័ន្ធ នឹងការអនុវត្តច្បាប់នានា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មជាបន្តទៀត ក្នុងនាមជាអ្នកតំណាងឲ្យវិស័យនេះ ក្នុងការធ្វើការងារជាមួយគ្រប់ភាគី ដើម្បីរក្សាឲ្យបាននូវភាពប្រកួតប្រជែង និងភាពរស់រានបាននៃវិស័យរបស់យើង ដើម្បីបន្តរួមចំណែកដល់ការកសាងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕