(កណ្ដាល)៖ លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ជាក្រុមហ៊ុនដែលផលិតស្រូវធំជាងគេក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយជម្រុញ ទៅស្ថាប័ននិងក្រសួងពាក់ព័ន្ធ ដើម្បីបន្តធ្វើអនុបយោគដីឯកជនរបស់រដ្ឋ អោយក្រុមហ៊ុន វិនិយោគស្របតាមនីតិវិធីដោយក្តីអនុគ្រោះ។
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកឧកញ៉ា ឌី ប៉ូ លើកឡើងថា «យោងតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៨៩ ស.ជ.ណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ប្រគល់ជូន ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បន្តសកម្មភាពដាំដុះស្រូវប្រដេញទឹកនៅលើផ្ទៃដីក្រុមហ៊ុនបន្តទៀត»។ លោកឧកញ៉ា អោយដឹងទៀតថា តាមលិខិត លេខ ៨៩ ស.ជ.ណ នេះ ក្រោយពេលដំណើរការផ្តល់ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ឋចប់សព្វគ្រប់ ជូនក្រុមការងារចំពោះកិច្ច ផ្តល់នូវទិន្នន័យផ្ទៃដី ដែលនៅសល់អាចធ្វើវិនិយោគបាន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបន្តនីតិវិធីធ្វើអនុបយោគដីឯកជនរបស់រដ្ឋ និងផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុដល់ក្រសួង សម្រាប់ផ្តល់លទ្ធភាពជូនក្រុមហ៊ុនវិនិយោគស្របតាមនីតិវិធីជាធរមាន។
ក្រោយពីសម្តេចតេជោ បានអនុញ្ញាតអោយក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ បន្តវិនិយោគដំណាំ ស្រូវបន្តទៀត លោកឧកញ៉ា ឌី ប៉ូ អោយដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើលិខិត គោរពជូនទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំណើសុំអនុវត្តនីតិវិធីនៃការធ្វើអនុ បយោគលើផ្ទៃដី១៦៩០ហិកតា ដែលស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល របស់ក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ពីដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
លោកបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតលេខ ៤៥៤៩ សហវ-អទច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អោយសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ ដើម្បីចុះបញ្ជីដីធ្លី អោយបានត្រឹមត្រូវជាមុនសិន មុននឹងលើកសំណើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបំពេញនីតិវិធីធ្វើអនុបយោគ។
លោកឧកញ៉ា ឌី ប៉ូ បានអោយដឹងទៀតថា បន្ទាប់មក រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់លិខិត លេខ៤៤៣៣ កសក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ជូនទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ សំណើសុំចាត់បញ្ជូនមន្រ្តីបច្ចេកទេស ដើម្បីចូលរួមអនុវត្តខ្លឹមសារលិខិតលេខ៨៩ ស.ជ.ណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ លោកបន្តថា ផ្ទុយទៅវិញក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ បានចេញលិខិតលេខ១៤៤៤ ដ.ន.ស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ផ្ញើរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយបញ្ជាក់ថា ទុកជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចការក្នុងនាមជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ទៅវិញ។
លោកឧកញ៉ា បញ្ជាក់ថា ចំពោះបញ្ហាខាងលើនេះ ស្ថាប័នដែលពាក់ព័ន្ធក្នុងការចេញអនុបយោគ គឺមិនព្រមអនុវត្តទៅតាម ស.ជ.ណ លេខ៨៩ ដែលសម្តេចតេជោ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ អោយក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ លើវិស័យកសិកម្ម ដែលជាវិស័យអាទិភាព នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនោះទេ។ គឺស្ថាប័នពាក់ព័ន្ធ បានរុញលិខិតសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទៅវិញទៅមក ហាក់បីដូចជាមានចេតនាមិនចង់អោយការចេញអនុបយោគសំរេចបាន ក៏ដូចជាទុកឧិកាសអោយឈ្មួញនិងមន្ត្រីមួយចំនួនតូចឃុបឃិតគ្នាដែលនាំអោយ រាំងស្ទះដល់ការចេញអនុបយោគនិងការអភិវឌ្ឍរបស់ក្រុមហ៊ុនផងដែរ។
លោកអគ្គនាយកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ បញ្ជាក់ថា កាលពីថ្ងៃទី០១ និងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ បែជាក្រុមការងារមន្ត្រីជំនាញសុរិយោដី ដឹកនាំដោយ ឯកឧត្តម ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្មនិងសំណង់ ដែលមិនមានការសហការជាមួយមន្រ្តីជំនាញពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជាស្ថាប័នសាម៉ីនោះទេ។ ផ្ទុយទៅវិញមន្រ្តីមួយចំនួនតូច នោះបែជាឃុបឃិតគ្នា ជាមួយឈ្មួញ និងនាំប្រជាជនដែលគ្មានដី មកវាស់វែងលើដីរបស់ក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ដែលក្រុមហ៊ុនបានដោះស្រាយបញ្ចប់ជាមួយប្រជាពលរដ្ឋរួចរាល់អស់ហើយនិងគ្មានប្រជាពលរដ្ឋណាមកតវ៉ាឡើយ។ ក្រុមទាំងនេះបានធ្វើអោយមានចលាចល និងធ្វើអោយមានការរាំងស្ទះក្នុងការវិនិយោគដំណាំស្រូវរបស់ក្រុមហ៊ុន ដែលបានចំណាយដើមទុនអស់ជាង ៨០លានដុល្លារអាមេរិក រួចហើយ។
ដោយមានបាតុភាពខាងលើនេះ លោកឧកញ៉ា ឌី ប៉ូ ព្រមទាំង លោកជំទាវ និងក្រុមគ្រួសារ កូនចៅទាំងអស់ លើកដៃសំពះសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ ជម្រុញការអភិវឌ្ឍន៏លើគ្រប់វិស័យ សូមមេត្តាសម្តេច ជួយរកយុត្តិធម៌ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន ដែលសម្តេចបានអនុញ្ញាតរួចហើយតាមរយៈស.ជ.ណ.លេខ៨៩ កន្លងទៅ ហើយក្រុមហ៊ុនបាននិងកំពុងវិនិយោគលើគម្រោងកសិកម្មដ៏ធំជាងគេនៅកម្ពុជា ព្រមទាំងបានចំណាយដើមទុនផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីដោះស្រាយផលប៉ះពាល់និងសម្របសម្រួលដីជាមួយប្រជាពលរដ្ឋ។
ជាចុងបញ្ចប់លោកឧកញ៉ាឌី ប៉ូ និងក្រុមគ្រួសារ សូមគោរពជូនពរសម្តេចនិងក្រុមគ្រួសារ អោយមានសុខភាពល្អ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខនិងថ្កុំថ្កើនជារៀងរហូត៕