(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យ ឯកជន «កុំឲ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍» ទើបធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តរភាព «ធានាយ៉ាងណា កុំឲ្យវិស័យទេសចរណ៍បំពាន ទៅលើវប្បធម៌ ចំណុចនេះដែលយើងតែងតែរំលឹកដាស់តឿនថា បេតិកភណ្ឌពិភពលោក ដូចជា ប្រាសាទអង្គរ ប្រាសាទ ព្រះវិហារ និងសំបូរព្រៃគុក មិនត្រូវបានបំពានណាមួយនោះទេ»។ ជាពិសេស តាមរយៈទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌ដែលជាវិស័យកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយបាននាំមកនូវចំណូលរាប់ពាន់លានដុល្លារទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។
ថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ ខណៈដែលលោកស្រី ម៉ែន សំអន តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីភាព។
លោកស្រី ម៉ែន សំអន ថ្លែងទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ និងមានការគិតគូរយ៉ាងច្បាស់លាស់ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស» សំដៅទាញយកប្រយោជន៍ សមស្របសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផ្ទេរមរតកដ៏មានតម្លៃនេះដល់យុវជនជំនាន់ក្រោយៗទៀត។
លោកស្រីថា «ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌ បានស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើន ជាបន្តបន្ទាប់នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាដែលគេធ្លាប់ស្គាល់ថា ជាវាលពិឃាតមកជា ព្រះរាជាណាចក្រ នៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក និងធ្លាប់ទទួលបានជោគជ័យជាច្រើនលើករួចមកហើយ ក្នុងការស្នើសុំដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូមានដូចជា៖ រមណីយដ្ឋានអង្គរ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ល្ខោនស្រមោលស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងថ្មីៗនេះតំបន់ប្រាសាទសំបូរព្រៃគុក»។
ក្នុងនោះលោកស្រីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយលោកស្រី ភឿង សកុណា ជារដ្ឋមន្ត្រី និងក្រោមការចង្អុលបង្ហាញផ្លូវពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នឹងទទួលជោគជ័យថ្មីៗថែមទៀត ក្នុងការស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបី ថ្មីៗថែមទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
លោកស្រី ម៉ែន សំអន បានថ្លែងបញ្ជាក់ថា ការប្រារព្ធសន្និបាតនាពេលនេះ ស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដោយឈរលើទស្សនៈអភិរក្សដែលជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ លោកស្រីបានរំលឹកផងដែរថា ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាព ដែលសន្និបាតនឹងលើកឡើង គឺជាប្រការសមស្រប និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។
ជាមួយគ្នានេះដែរ លោកស្រី បានសំណូមពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួង បន្តចូលរួមបំពេដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សាការពារ វប្បធម៌ អរីយ្សធម៌ សេចក្ដីថ្លៃថ្នូរសេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយ។
លោកស្រី ភឿង សកុណា បានជំរាបជូនគណៈអធិបតីថា អង្គសន្និបាតរបស់ក្រសួងវប្បធម៌វិចិត្រ និងសិល្បៈ ត្រូវបានប្រកាសបើកតាំងពីថ្ងៃម្សិលមិញ ដោយអង្គសន្និបាតបានធ្វើការបូកសរុបការងារឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ឋសាស្ត្រអភិវឌ្ឍជាតិបច្ចុប្បន្ន (២០១៤-២០១៨) លើវិស័យវប្បធម៌ ហើយក៏ជាឆ្នាំដែលការងារវប្បធម៌ និងវិចិត្រសិល្បៈរបស់ក្រសួង កាន់តែមានវិសាលភាពធំធេង គ្របដណ្តប់ទូទាំងប្រទេស ត្បិតអាជ្ញាធរអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គណៈកម្មការជាតិយូរណេស្កូកម្ពុជា និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក ត្រូវបានដាក់បញ្ចូលមកក្នុងការគ្រប់គ្រងរបស់ក្រសូងវប្បធម៌ នុងវិចិត្រសិល្បៈ។
តាមរយៈកិច្ចពិភាក្សា នៃអង្គសន្និបាត បានរកឃើញពីភាពសមស្រប បញ្ហាប្រឈម បទពិសោធន៍ និងដំណោះស្រាយការងាជាគន្លឹះ សម្រាប់ការអនុវត្តឆ្នាំ២០១៨ ដែលជាឆ្នាំក្រសួង បានកំណត់យកកម្មវិធីចំនួន៣ មកអនុវត្ត គឺកិច្ចគាំពារបេតិកភ័ណ្ឌវប្បធម៌អរូបី ការលើកស្ទួយបេតិកភ័ណ្ឌវប្បធម៌អរូបី និងការពង្រឹងសេវាគាំទ្រទូទៅ។
សូមបញ្ជាក់ថា សន្និបាទនេះមានរយៈពេលពីរថ្ងៃ(ទី៧-៨ ខែកុម្ភៈ ឆ្នាំ២០១៨) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិអន្តរជាតិជាច្រើននាក់ទៀត ក្នុងគោលបំណងបូកសរុប និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តការងាររបស់សន្និបាតកាលពីឆ្នាំកន្លងទៅ និងលើកទិសដៅសម្រាប់អនុវត្ត នាឆ្នាំបន្តឱ្យមានការរីកចំរើនបន្ថែមទៀត។ ក្នុងឱកាសនោះដែរលោកស្រី ម៉ែន សំអន ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន ជាថវិកា ជូនអង្គសន្និបាតនាពេលនេះផងដែរ៕