(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធេដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមីហាមឃាត់ នៅផ្សារសង្កែ ស្រុកសង្កែ បានរកឃើញទំនិញខូចគុណភាពចំរុះប្រមាណ៤៨ គ.ក្រ យកមករក្សាទុកនៅសាខា ដើម្បីទុកដុតកំទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំាកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ឆ្លងតាមការឃ្លាំមើលដោយយកចិត្តទុកដាក់បំផុត ជាប្រចាំរបស់មន្រ្តីជំនាញយើងកន្លងមកក៏ដូចជាបច្ចុប្បន្ន យើងបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញារមូលដ្ឋាន បានចុះត្រួតពិនិត្យរាល់ទំនិញពាក់ព័ន្ធចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលធ្វើឲ្យមានការប៉ះពាល់ សុខភាពប្រជាពលរដ្ឋយើង។
ជាក់ស្តែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់នៅផ្សារសង្កែ ស្រុកសង្កែ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ជាលទ្ធផលទំនិញដែលយើងរកឃើញមានទំនិញខូចគុណភាពចំរុះប្រមាណ៤៨គីឡូក្រាម រួចយកមករក្សាទុកនៅសាខាខេត្ត ដើម្បីដុតកំទេចចោលនៅពេលក្រោយ ។
ជាមួយគ្នានេះ លោកនៅតែបានអំពាវនាវដល់ប្រជាពលរដ្ឋតាមរយៈការអប់រំនៅ នឹងកន្លែង ការបិទផ្សាយតាមរូបភាពផ្សេងៗ និងធ្វើការពិសោធន៍ផ្ទាល់ ឲ្យអាជីវករលក់ដូរ និងអ្នកប្រើប្រាស់បានឃើញផ្ទាល់ ដោយបានបញ្ជាក់ពីផលប៉ះពាល់សុខភាពយើងទាំងអស់គ្នាជាចំបង។
នៅក្នុងការចុះត្រួតពិនិត្យនេះក៏បានឆ្លៀតអប់រំដល់ពួកគាត់ខាងលើ យើងសង្កេតឃើញថា ពួកគាត់មានការយល់ដឹងកាន់តែច្រើន ទោះជានៅសល់អាជីវតិចតួចកំពុងបានដាក់តាំងលក់ តែពួកគាត់បានទទួលយកចំណេះដឹងទាំងនេះ ហើយធ្វើការផ្សព្វផ្សាយបន្ត ព្រមទាំងលែងហ៊ានលក់ទំនិញទាំងនេះទៅឲ្យអ្នកប្រើប្រាស់ទៀតផង ហើយប្រើប្រាស់ខ្លួនឯងក៏មានការប្រុងប្រយ័ត្នផង មុននឹងទិញទំនិញនៅផ្សារយកទៅបរិភោគផងដែរ៕