(ភ្នំពេញ)៖ ប្រជាពលរដ្ឋចិនរអ៊ូថា ចង់ទៅកំសាន្តនៅសៀមរាប ក្នុងឳកាសបុណ្យចូលឆ្នាំចិន ដែលជាបុណ្យប្រពៃណីរបស់ខ្លួន តែពួកគេកក់បន្ទប់នៅសៀមរាបមិនបានទាល់តែសោះ។ នេះបើយោងតាមការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅ ក្នុងស្ថានទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ស្យុង បូ បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចជាយើងបានដឹងថា មុនចូលឆ្នាំចិន ជាប្រពៃណីចិន អាទិត្យក្រោយនឹងឈានចូលហើយ។ តាមខ្ញុំមើលអ៊ីនធើណេត (Internet) របស់ប្រទេសចិន មានអ្នកទេសចរចិនជាច្រើន កំពុងរអ៊ូថា គេ Booking Hotel នៅសៀមរាបអត់បាន ដោយសារពេញអស់ហើយ»។
លោក ស្យុង បូ បានថ្លែងឲ្យដឹងថា ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗ ដែលមាននៅកម្ពុជាដូចជា ខេត្តព្រះសីហនុ ខេត្តកំពត គឺខេត្តសៀមរាបនេះហើយ ពោលគឺប្រាសាទអង្គរវត្ត ដែលជាមូលហេតុទាក់ទាញភ្ញៀវចិនច្រើនជាងគេ ជាប់ចំណាត់ថ្នាក់លេខ១។ ប្រទេសចិន និងកម្ពុជា បានឯកភាពគ្នាជួសជុល ប្រាសាទនៅខេត្តសៀមរាបចំនួន២រួចហើយ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ។
លោកបានបន្តថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីជួសជុលប្រាសាទមួយទៀតផងដែរ ដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌បុរាណ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ឲ្យកាន់តែច្រើនថែមទៀត។
លោក ស្យុង បូ បានបន្ថែមទៀតថា ក្នុងចំណោមភ្ញៀវទេចរទាំងអស់ ប្រជាជនចិនក៏មានចំនួនច្រើនជាងគេដែរ មិនថាមកទស្សនាប្រទេសកម្ពុជា ឬទៅទស្សនាប្រទេសនានា ទូទាំងសកលលោកទេ ក៏ប៉ុន្តែមានភ្ញៀវទេសចរចិន ខ្លះមានរបួសពេលមកកំសាន្តនៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា «ជាមួយគ្នានេះ ដោយសារមានចិនជាច្រើនមកកម្ពុជា គ្រោះថ្នាក់ហានិភ័យកាន់តែច្រើន។ ហើយកន្លងមករាល់ឆ្នាំ ពេលចូលឆ្នាំចិន ខ្ញុំមើលឃើញថា ទេសចរចិនមានជួបគ្រោះថ្នាក់ មិនថាទេសចរ មិនថាគ្រោះថ្នាក់ចរាចរណ៍។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះអាចអត់មាន សហភាពការនេះកើតឡើងទេ»។
ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរូបនេះបានកោតសរសើរកម្ពុជា ដែលចេះរៀបចំប្រទេស ដើម្បីបង្កើតឲ្យមានសោភ័ណភាព ហើយបានទាក់ទាញប្រជាជនខ្លួនកាន់តែច្រើន។
លោកបានឲ្យដឹងទៀតថា «ហេតុដូច្នេះសូមកោតសរសើរ ភាគីចិនត្រេកអរណាស់ គឺបានមើលឃើញថា ក្រសួងទេចរណ៍កម្ពុជាកន្លងមកបាន ខិតខំធ្វើការងារជាច្រើន ដើម្បីភ្ញៀវទេសចរចិនមកកម្ពុជា និងដើម្បីរក្សាសន្តិភាព និងសុវត្ថិភាពរបស់ទេសចរចិនមកកម្ពុជា ហើយបានដាក់ចេញវិធានការកាន់តែច្រើនទាក់ទាញភ្ញៀវទេសចរចិន នៅកម្ពុជា»។
សូមបញ្ជាក់ថា ភ្ញៀវទេសចរចិន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលបានមកដល់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះ។ របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិ សរុប ៥,៦០២,១៥៧នាក់ ដែលកើនឡើង ១១.៨% ក្នុងនោះទេសចរចិន មានចំនួនច្រើនជាងគេ ពោលឈរលើលំដាប់ថ្នាក់លេខ១ ដែលមានរហូតដល់ ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩ភាគរយ បើធៀបនឹងឆ្នាំ២០១៦៕