(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋប្រមាណជា១៩៧គ្រួសារ រស់នៅក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឥឡូវនេះបានមកដល់ហើយ ប្រហែលជាមិនយូរទេ ក្នុងពេលឆាប់ៗ ខាងមុខនេះនឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់មិនខានឡើយ បន្ទាប់ពីលោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខណ្ឌឫស្សីកែវ បានដឹកនាំលោក ប្លុង សីហៈ អនុប្រធានការិយាល័យ និងអាជ្ញាធរសង្កាត់-ភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ពេញមួយថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននិងកំពុងញាប់ដៃញាប់ជើង សម្រុកចុះធ្វើការវាស់វែងកំណត់ពីទីតាំងព្រុំដីតាមផ្ទះនិមួយៗ ក្នុងការសម្រង់ចុះបញ្ជីក្បាលដី។
ការងារនេះបានធ្វើឡើងដោយអនុវត្តតាមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ ក៏ដូចជាការអនុវត្តផែនការ គ្រោងទុករបស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង ជាពិសេសការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ តាមអនុសាស្ត្រ នៃការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ប៊ុន ឡុង បានថ្លែងថា កាលពីដើមឡើយ ទីតាំងដីខាងលើនេះ ជារបស់ក្រុមហ៊ុន «ឧបភោគបរិភោគស្វាយប៉ាក» ដែលបានចុះបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋបាលរាជធានីភ្នំពញ (ជាទ្រព្យសម្បត្តិរបស់មន្ទីរកសិកម្មក្រុងភ្នំពេញ) មានទំហំ៤០,៨៨២ ម៉ែត្រក្រឡា ត្រូវបានបងប្អូនប្រជាពលរដ្ឋចំនួន៨៨គ្រួសារប៉ុណ្ណោះ ចូលទៅតាំងទីលំនៅជាបន្តបន្ទាប់ រហូតមានការកើនឡើង បច្ចុប្បន្នដល់ទៅ១៩៧គ្រួសារ និងបានសាងសង់ជាសំណង់រឹងមាំ បង្កើតជាភូមិឋានរស់នៅ អស់រយៈពេលជាង២០ឆ្នាំមកហើយ។
លោក ប៊ុន ឡុង បន្តថា តាមរយៈគណៈកម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃលើផ្ទៃដីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេច ជាគោលការណ៍ ឲ្យកាត់ចេញពីបញ្ជី សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើប្រទានកម្មជូនប្រជាពលរដ្ឋស្នាក់នៅ ដូចមានក្នុងស្មារតី នៃសេចក្ដីសម្រេចលេខ២៣ សសរ ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងលិខិតលេខ១៣១១ សជណ.ជក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី រហូតមានសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីបើកតំបន់វិនិឆ្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍បណ្ដោះអាសន្ន ដែលតាំងទីលំនៅលើដីឯកជនរបស់រដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសដើម្បីពង្រឹងពន្លឿនការអនុវត្តគោលការណ៍មួយនេះ ខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ សហការជាមួយមន្ត្រីការិយាល័យទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះវាស់វែងកំណត់ព្រំឲ្យបានច្បាស់លាស់ និងរៀបចំចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ តាមនិតិវិធីសុរិយោដី៕