(ពោធិ៍សាត់)៖ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការតំណាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្ត ប្រតិភូក្រសួង នាយករដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ គ្រឹះស្ថានសហគ្រាសវិស័យឯកជន លោកគ្រូ អ្នកគ្រូ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមន្ត្រីរាជការ នៃមន្ទីរការងារយ៉ាងច្រើនកុះករ។
យោងតាមប្រកាសលេខ ០៥៤/១៨ ប្រ.ក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានតែងតាំងលោក ពុំ ចាន់ថា ក្របខ័ណ្ឌ ក.៣.២ អតីតនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ជំនួសលោក លី សុភា ដែលបានទទួលភារកិច្ចថ្មី៕