(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសកម្មជនសហជីព មូលដ្ឋានជាង ១០០រោងចក្រ។
នៅក្នុងឱកាសនោះលោក សោម អូន បានថ្លែងថា «សូមបងប្អូនសហជីពកម្មករទាំងអស់ជឿជាក់ថា អ្វីៗដែលបងប្អូនកម្មករយើងទទួលបានសព្វថ្ងៃនេះ គឺជាសមិទ្ឋផលដ៏ធំធេង ដែលបានកើតឡើងដោយសារការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវគោលនយោបាយ ប្រកបដោយសក្តានុពល ទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុក បង្កើតការងារ និងផ្តល់ប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅសមរម្យ»។
លោក សោម អូន ក៏បានបន្ថែមថា បច្ចុប្បន្នលោកមើលឃើញមានចរន្ត២ កំពុងតែកើតមាននៅក្នុងវិស័យការងារ ដែលចរន្តទី១ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែខិតខំ សុំជំនួយបរទេស បង្កើតការងារ និងសុំបរទេសបញ្ជាទិញទំនិញពីកម្ពុជា។ ឯចរន្តទី២គឺ ខិតខំអំពាវឲ្យបរទេសផ្តាច់ជំនួយ និងឲ្យបរទេសបញ្ឈប់ទិញទំនិញពីកម្ពុជា ដែលចរន្តទី២ នេះគឺវាគ្រោះថ្នាក់ណាស់ សម្រាប់ប្រទេសជាតិ ។
លោក សោម អូន បានអំពាវដល់សហជីព និងកម្មករទាំងអស់ ធ្វើការតាមដាននូវទង្វើរបស់អ្នកនយោបាយ ហើយត្រូវផ្តល់សុភវិនិច្ឆ័យ ចំពោះអ្នកនយោបាយណា ដែលបានជួយដល់បងប្អូន កម្មករយើងពិតប្រាកដ ។
លោក សោម អូន ក៏បានសំណូមពរ ដល់បងប្អូនកម្មករទាំងអស់ ខំបំពេញការងារឲ្យបានល្អ និងខិតខំបង្កើនផលិតភាព ដើម្បីធានាបាននូវការប្រកួតប្រជែង ស្របពេលដែលប្រាក់ខែ និងអត្ថប្រយោជន៏ផ្សេងៗ របស់បងប្អូនកម្មករកំពុងតែត្រូវបាន ដំឡើងជារៀងរាល់ឆ្នាំ ៕