(ត្បូងឃ្មុំ)៖ ក្រោមការខិតខំយកចិត្តទុកដាក់ អំពាវនាវ ស្វែងរកជំនួយបន្ថែមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសម្រាលទុក្ខលំបាកការខ្វះខាត របស់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយសហការី និងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បាននាំយកអង្កចំនួន៦តោន ជាគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ទៅចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន១៥០គ្រួសារក្នុងស្រុកអូរាំងឪ ដែលនេះជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវតែដោះស្រាយ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានបង្ហាញឲ្យយើងមើលឃើញកាន់តែច្បាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឲ្យដំណាំទទួលរងនូវផលប៉ះពាល់ផ្សេងៗ។
តែយ៉ាងណាទុកលំបាក របស់ប្រជាជនគ្រប់ទីកន្លែង និងគ្រប់រូប គឺជាក្តីកង្វល់របស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឲ្យការរស់ នៅរបស់ប្រជាជនមានភាពរីចំរើន និងសម្បូរសប្បាយ គ្រប់ពេល។
លោបន្តថា សុខសន្តិភាពពេញលេញ ការអភិវឌ្ឍន៍គ្រប់ ទីកន្លែងពេញផ្ទៃប្រទេស គឺជាទ្រព្យសម្បត្តិមហាសាល ដែលមិនអាចកាត់ថ្លៃបាន ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់បាន ដូចនេះមិនត្រូវឲ្យក្រុមជនអគតិមួយចំនួនមកបំផ្លាញបានឡើយ ។ ខណៈកន្លងមក មានក្រុមជនអគតិមួយចំនួនចង់ទាញប្រទេសឲ្យ ធ្លាក់ក្នុងភាពចលាចលវឹកវរ តាមរយៈការបង្កើតចលាចល បដិវឌ្ឍន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ តែយ៉ាងណាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទប់ស្កាត់នឹងនៅ តែរក្សាបានសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនបាន ។ ដូចនេះ សូមពលរដ្ឋជឿជាក់ និងទុកចិត្តលើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។
បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គម្រោងស្បៀងសង្គ្រោះបន្ទាន់អាស៊ានបូក៣ (APTERR) គឺបានឧបត្ថម្ភអង្ករដល់ ជនរងគ្រោះក្រីក្រជួបគ្រោះមហន្តរាយធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំ ចំនួន៨០០គ្រួសារ ក្នុងស្រុកតំបែរ ពញាក្រែក និងស្រុកអូររាំងឪ។ នេះសបញ្ជាក់អោយឃើញនូវកាយវិការមនុស្សធម៌ ជួយចែករំលែកទុកលំបាក របស់ប្រជាពលរដ្ឋខ្មែរ មួយយ៉ាងប្រពៃ។
លោកបន្តថា សម្រាប់ផ្ទៃដីដាំដុះ ក្នុងខេត្តត្បូងឃ្មុំ គឺអំណោយផលល្អស្ទើរ គ្រប់ដំណាំទាំងអស់ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប្រជាកសិករតំបន់មួយចំនួន ជួបប្រទះនូវគ្រោះធម្មជាតិជាបន្តបន្ទាប់ ជាហេតុប៉ះពាល់ដល់ចំ ណូល និង ជីវភាពរស់នៅប្រចាំថ្ងៃដែលពួកគាត់ ពឹងផ្អែកលើ វិស័យកសិកម្ម ធ្វើស្រែរ ចំការ ។ តែយ៉ាងណាបញ្ហានេះត្រូវបាន ដោះស្រាយបានទាន់ពេលវេលា និងគ្រប់ទីកន្លែងពីមន្រ្តីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ៕