(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រកាសខ្លួនជាគណបក្សប្រឆាំងថ្មី ដោយឈរលើ គោលការណ៍រិះគន់ដើម្បីជាតិ ប៉ុន្តែមិនលាបពណ៌មួលបង្កាច់ ដូចអតីតគណបក្សសង្រ្គោះជាតិ កាលពីនៅមានជីវិតឡើយ។
ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «យើងធ្វើបក្សប្រឆាំងតែចំពោះ ភាពអសកម្ម របស់រដ្ឋាភិបាលតែប៉ុណ្ណោះ យើងមិនប្រឆាំងផ្កាប់មុខ ដូចអតីតបក្សសង្រ្គោះជាតិនោះឡើយ។ បក្សយុវជនប្រឆាំង ដើម្បីជាតិរីកចម្រើន និងពលរដ្ឋ មានភាពសុខសាន្ត»។ លោកបន្ត៖ «ការប្រឆាំងនេះខុសគ្នាត្រង់ថា បក្សប្រឆាំងថ្មីបច្ចុប្បន្នមិនលាបពណ៌ មិនមូលបង្កាច់ និងមិនលក់ អធិបតេយ្យជាតិ ដូចអតីតបក្សសង្រ្គោះជាតិនោះឡើយ»។
ការប្រកាសខ្លួនជាគណបក្សប្រឆាំងថ្មីរបស់ គណបក្សតូចមួយនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ត្រូវបានតុលាការកំពូល កាត់ទោសរំលាយចោល រយៈពេលជាង៣ខែមកនេះ។ ទន្ទឹមនឹងនេះ រហូតដល់បច្ចុប្បន្ន មិនទាន់មាន គណបក្សនយោបាយណាមួយ ហ៊ានប្រកាសខ្លួនជាគណបក្សប្រឆាំងផ្លូវការនៅឡើយទេ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមថា៖ «យើងប្រឆាំងឈរលើគោលការណ៍អព្យាក្រឹត មិនប្រឆាំងបុគ្គលនោះឡើយ គឺប្រឆាំងចំពោះប្រព័ន្ធ ដឹកនាំការងារអសកម្មរបស់រដ្ឋាភិបាល ដើម្បីជាប្រយោជន៍ជាតិ និងពលរដ្ឋ។ យើងប្រកាសធ្វើបក្សប្រឆាំងមិនមែន ដើម្បីទាក់ទាញសន្លឹកឆ្នោត ឬការចាប់អារម្មណ៍ពីភាគីណាមួយឡើយ គឺយើងប្រឆាំង ដើម្បីឲ្យជាតិរីកចម្រើន និងឲ្យពលរដ្ឋខ្មែររួចផុតពីអំពើអយុត្តិធម៌ ជាពិសេសលើកកម្ពស់ ជីវភាពរបស់ម្ចាស់ឆ្នោត»។
គណបក្សយុវជនកម្ពុជា ត្រូវបានបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ អតីតសកម្មជនវ័យក្មេងរបស់គណបក្សសិទ្ធិមនុស្ស និងអតីតគណបក្សសង្រ្គោះជាតិ ហើយទទួលស្គាល់ជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០១៦។ កាលពីបង្កើតដំបូង គណបក្សនេះមិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងនោះទេប៉ុន្តែក្រោយមក គណបក្សនេះ ចាប់ផ្តើមកសាង ភាពល្បីល្បាញឱ្យខ្លួនឯងតាមរយៈការបង្កើតគណៈកម្មការថ្មី នៃការរៃអង្គាសបច្ច័យសម្រាប់កសាងចេតិយ៍ លោកបណ្ឌិត កែម ឡី និងព្រឹត្តិការណ៍ដាក់ពាក្យបណ្តឹង ឱ្យរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទអំពីករណីក្បត់ជាតិជាដើម។
គណបក្សយុវជនរបស់ លោកពេជ្រ ស្រស់ ក៏បានត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕