(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ លោក ប៉ាន សូរស័ក្តិ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបន្ដដាក់សម្ពោធកុដិថ្មី ១ខ្នង ទីធ្លាចាក់សាប ស្រះទឹក បង្គោលភ្លើង និងសមិទ្ធិផលមួយចំនួនទៀត ស្ថិតនៅក្នុងវត្តពោធិព្រឹក្ស ហៅវត្តក្រូច ដើម្បីទុកជាអំណោយឆ្នាំថ្មី ប្រគេនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ គោរពបូជា និងធ្វើបុណ្យទានតាមប្រពៃណី។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ នឹងរួមចំណែកលើកស្ទួយមុខមាត់ស្រុកព្រៃឈរ ជាពិសេសវត្តពោធិព្រឹក្ស ហៅវត្តក្រូច ឲ្យកាន់តែប្រសើរឡើង បន្ថែមលើលក្ខណៈអំណោយផលនៃភូមិសាស្ត្ររបស់ឃុំក្រូច ដែលមានសក្តានុពលសម្រាប់របរកសិកម្ម និងទេសចរណ៍ ដើម្បីជួយប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពប្រសើរឡើងរៀងរាល់ថ្ងៃ។
លោកក៏បានជម្រាបជូនសមាជិក-សមាជិកា និងប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការទាក់ទាញវិនិយោគិនបរទេស និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨។
«នៅឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការនូវមូលនិធិថែទាំសុខភាព សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន ក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់ និងមន្ត្រីភូមិ ហើយកំពុងបន្តរៀបចំនូវការគាំពារសង្គមខាងសុខភាព និងហានិភ័យផ្សេងៗទៀត ឱ្យមានវិសាលភាពគ្របដណ្តប់ សម្រាប់ប្រជាជនទូទៅ [...] កុដិ១ខ្នង និងសមិទ្ធិផលផ្សេងៗថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តច្បាស់លាស់ របស់ថ្នាក់ដឹកនាំស្រុក និងឃុំក្រូច ក្នុងការធ្វើសមាហរណកម្មផ្ទៃក្នុង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងបែងចែកកំណើន ប្រកបដោយសមធម៌ ពិសេសចូលរួមអនុវត្តន៍ គោលការណ៍នៃអភិបាលកិច្ចល្អ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន» នេះជាការគូសបញ្ជាក់របស់ លោក ប៉ាន សូរស័ក្ដិ។
គួររំលឹកដែរថា កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រុមការងារចុះពង្រឹងឃុំក្រូច នៃស្រុកព្រៃឈរ បានចំណាយពេលវេលា និងថវិកាជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍឃុំ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងនោះក្រុមការងារ បានជួយឧបត្ថម្ភដល់ស្រ្តីឆ្លងទន្លេ គ្រួសារដែលមានសមាជិកទទួលមរណ:ភាព ដាក់លូឆ្លងកាត់ថ្នល់ជាច្រើនកន្លែង ជួសជុសផ្លូវថ្នល់ ចាក់ដី ផ្តល់គ្រួសក្រហម កសាងសាលាបាលី និងកុដិ ព្រមទាំងឧបត្ថម្ភថវិកា និងចែកសម្ភារ:ដល់គ្រួសារជនក្រីក្រ ចាស់ជរា និងអ្នកមានជម្ងឺ គិតជាថវិកាសរុបប្រមាណ ៥៦លានរៀល។
លើសពីនេះ ក្រុមការងារក៏បានឧបត្ថម្ភថវិកា ដល់ឃុំក្នុងការរៀបចំការប្រលងចម្រៀង និងការលេងល្បែងប្រជាប្រិយផ្សេងៗ នៅតាមវត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ផងដែរ៕