(កោះកុង)៖ សាខាពន្ធដាខេត្តកោះកុង នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចុះពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនចូលបង់ពន្ធជូនរដ្ឋ ដែលការចុះពិនិត្យនេះ ដឹកនាំដោយ លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដាខេត្តកោះកុង រួមទាំងមន្រ្តីក្រោមឱវាទ សហការជាមួយនគរបាលចរាចរណ៍ និងអាវុធហត្ថខេត្ត នៅលើផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
លោក ឡុក ស៊ីប៉ូ បានឲ្យដឹងថា យុទ្ធនាការនេះ ដើម្បីអនុវត្តន៍ទៅតាមបញ្ជា របស់អគ្គនាយដ្ឋានពន្ធដារ និងអនុវត្តន៍នូវគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនចំណូលចូលរដ្ឋឲ្យមានកំណើនខ្ពស់ ហើយមុនការចុះប្រតិបត្តិត្រួតពិនិត្យសាខា បានធ្វើសេចក្តីជូនដំណឹងជាសាធារណៈច្រើនខែមកហើយ ឲ្យម្ចាស់យានយន្តចូលទៅបង់ពន្ធផ្លូវ ទៅលើរថយន្តរបស់ខ្លួនគ្រប់ប្រភេទ ដោយមានកំណត់ពេលវេលាច្បាស់លាស់។
លោកបានបន្តថា ក្រោយមានការហួសកាលបរិច្ឆេទជូនដំណឹង ក្រុមការងារក៏បានចុះអនុវត្តន៍ បន្តត្រួតពិនិត្យទៅលើយានយន្ត គ្រប់ប្រភេទបន្តទៀត ហើយក្នុងការអនុវត្តន៍នេះ សាខាពន្ធដារខេត្តបានត្រួតពិនិត្យ ដោយរៀងរាល់ថ្ងៃចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
អនុប្រធានរូបនេះបញ្ជាក់ថា ការចុះអនុវត្តន៍ត្រួតពិនិត្យពន្ធនេះ បើរថយន្តណាមួយត្រួតពិនិត្យទៅមិនមានឃើញបង់ពន្ធ គឺជំនាញឲ្យនឹងម្ចាស់យានយន្ដចុះបង់ពន្ធ នៅនឹងកន្លែងនេះតែម្តង ព្រោះជាគោលការណ៍ចាំបាច់របស់សាខាពន្ធដារ។
លោកបានលើកឡើងទៀតថា ចំពោះតួរលេខ និងការត្រួតពិនិត្យ មិនទាន់យកជាផ្លូវការបានទេនៅពេលនេះ ព្រោះត្រូវអនុវត្តន៍រហូតដល់ល្ងាច៕