(កំពង់ធំ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ និងជិតដល់បុណ្យចូលឆ្នាំចិន វៀតណាមផងនោះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារបានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ នៅផ្សារស្ទឹងសែន ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារស្ទឹងសែន រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។
ចំពោះការពិនិត្យមើលលើផលិតផលគ្រឿង កំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារបានរកឃើញភេសជ្ជៈ ជាច្រើនប្រភេទហួសកាលបរិច្ឆេទ និងខូចគុណភាព ដូចជាស្រាបៀរក្រោនទឹកខ្មៅ ចំនួន១៨កំប៉ុង ប្រហិតសាច់មាន់លាយមឹក ចំនួន២កញ្ចប់ ផលិតនៅប្រទេសថៃ នំម៉ាក Solide ចំនួន៥កញ្ចប់ ផលិតនៅប្រទេសវៀតណាម នំម៉ាក Banh Giavi ចំនួន៨កញ្ចប់ ផលិតនៅប្រទេសវៀតណាម ប្រហិតខ្លា ម៉ាក Bap Bo ចំនួន១៩កញ្ចប់ ផលិតនៅប្រទេសវៀតណាម ស្ករគ្រាប់ដូង ចំនួន១កញ្ចប់ ផលិតនៅប្រទេសវៀតណាម ទឹកក្រូច ម៉ាក Big ចំណុះ៣,១លីត្រ ចំនួន១២ដប ផលិតនៅប្រទេសថៃ និងចាហួយដូងចំនួន១២កេះ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នា។
បើតាមមន្រ្តីសាខាកាំកុងត្រូលកំពង់ធំ បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាត របស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់លាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕