(ភ្នំពេញ)៖ ការចាប់ជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ដើម្បីឲ្យត្រូវតាមអ្វីដែលខ្លួនស្រឡាញ់ សមស្របទៅតាមបុគ្គលិកលក្ខណៈ និងត្រូវជាមួយតម្រូវការ ក្នុងទីផ្សារកាងារ គឺជារឿងសំខាន់សម្រាប់សិស្សគ្រប់រូប នឹងត្រៀមបន្តទៅថ្នាក់មហាវិទ្យាល័យ។
សិស្សានុសិស្សវិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា ស្ថិតនៅក្នុងឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្អូនស្រី ហា សុភ័ក្ត្រា ជាសិស្សថ្នាក់ទី១២B បានបង្ហាញពីការយល់ដឹងគោលដៅរបស់ខ្លួនច្បាស់លាស់ ក្រោយទទួលបានការបណ្តុះបណ្តាល ពីផែនការងារ អាជីព និងការសិក្សានៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីចូលរួមវគ្គ បណ្តុះបណ្តាល ស្តីអំពី «ការរៀបចំផែនការអាជីព និងការសិក្សា» ដែលមជ្ឈមណ្ឌលកាងារខេត្តកំពង់ចាមនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារសហការជាមួយ ស.ស.យ.ក ស្រុក ដែលមានសិស្សចូលរួម១០១នាក់ ។ហើយប្អូនបានឲ្យទៀតថា ការដឹងពីគោលដៅ និងចំណងចំណូលចិត្តរបស់ខ្លួនច្បាស់លាស់ ទៅថ្ងៃអនាគតរបស់ខ្លួន ជាកត្តាជំរុញឲ្យ ទទួលបានជោគជ័យទាំងការសិក្សា និងការងារ។
ប្អូនស្រី សុភ័ក្ត្រា បន្ថែមថា វគ្គបណ្តុះបណ្តាលនេះពិតជាសំខាន់ខ្លាំងណាស់ ព្រោះបានធ្វើឲ្យគាត់ដឹងពីគោលដៅ និងផែនការអាជីពច្បាស់លាស់ ហើយអ្វីដែលគាត់ទទួលបាន ពីការរៀបចំគោលដៅសម្រាប់ការសិក្សាបន្ត ក្រោយចប់ថ្នាក់វិទ្យាល័យនោះគឺ ជំនាញវិស្វករអគ្គិសនី ដោយប្អូនស្រីប្តេជ្ញាថានឹងរៀនមុខវិជ្ជានេះ ដើម្បីទទួលបានការងារល្អទៅថ្ងៃអនាគត។
ប្អូនប្រុសម្នាក់ទៀតឈ្មោះមន ម៉េងលី រៀនថ្នាក់ទី១២B បានឲ្យដឹងដែរថា «ខ្ញុំបានដឹងនៅថ្ងៃអានាគតប្អូនប្រុសចង់ធ្វើការផ្នែកព័ត៌មានវិទ្យា ព្រោះមុខវិទ្យានេះប្អូនមានចិត្តស្រឡាញ់តាំងពីតូច។ ក្រោយពីចូលរៀនអនុវទ្យាល័យខ្ញុំ ចាប់ផ្តើមស្រឡាញ់មុខវិទ្យាIT ព្រោះខ្ញុំចង់ក្លាយជាអ្នកបច្ចេកទេស ព្រោះងាយស្រួលរកការងារធ្វើក្រោយពីរៀនចប់ នឹងទទួលបានប្រាក់ខែច្រើន»។
លោក សុខ សារ៉ែម ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ចាមលើកឡើងថា ការរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងការសិក្សានេះគឺដើម្បីណែនាំដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឲ្យចេះជ្រើសរើសមុខវិជ្ជាឯកទេស ឲ្យសមស្របសម្រាប់ពួកគាត់ដែលនឹងបន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យនាថ្ងៃអនាគត និងដើម្បីទទួលបានជោគជ័យ ក្នុងដំណើរការសិក្សារៀនសូត្រ។
លោកបន្ថែមទៀតថា ជាការពិតការសម្រេចចិត្ត លើការជ្រើសរើសមុខវិទ្យាសិក្សានៅថ្នាក់មហាវិទ្យាល័យនេះ មិនមែនជាការងាយរស្រួលនោះទេ ពីព្រោះសិស្សានុសិស្សម្នាក់ៗ ត្រូវធ្វើការស្វែងយល់ឲ្យបានស៊ីជម្រៅ អំពីកត្តាពាក់ព័ន្ធនានា មានដូចជាការយល់ដឹងពីកត្តាផ្ទាល់ខ្លួន ដោយត្រូវពិនិត្យលើចំណូលចិត្តជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែលស័ក្តិសម សម្រាប់ការសិក្សាមុខវិជ្ជាផ្សេងៗ។ បន្ថែមពីលើនេះ ត្រូវពិនិត្យលើកត្តាទីផ្សារការងារដែលពាក់ព័ន្ធ និងតម្រូវការឬកង្វះខាតនៃប្រភេទជំនាញពីភាគីនិយោជក។ដូចនេះការរៀបចំផែនការអាជីពបានត្រឹមត្រូវ នឹងជួយឲ្យពួកគាត់ ចូលទីផ្សារការងារកាន់តែមានភាពងាយស្រួលក្រោយរៀនចប់។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខ របរ និងការងារ បាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាល័យនានានៅទូទាំងរាជធានីខេត្ត
ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងគ្រប់ទីកន្លែងអំពី «ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា»។ ហេតុនេះ ប្អូនៗសិស្សានុសិស្សទាំងអស់ អាចទទួលបានសេវាប្រឹក្សាយោបល់ អំពីការជ្រើសរើសជំនាញសមរម្យ សម្រាប់ពេលអនាគតបាន ដោយទំនាក់ទំនងផ្ទាល់ទៅកាន់ទីភ្នាក់ងារជាតិ មុខរបរនិងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ និងគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេខ្មែរ) ដោយងាយស្រួល និងឥតគិតកម្រៃ៕