Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន៖ ភ្នំសម្រាប់វត្ថុធាតុដើមផលិតស៊ីម៉ង់ត៍ នៅ​ទីតាំងក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ជីបម៉ុង អាចប្រើបានរយៈពេល១០០ឆ្នាំ (Video inside)

08-02-2018 13:14

(កំពត)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភ្នំនៅខេត្តកំពតសម្រាប់ទាញវត្ថុធាតុដើមផលិតស៊ីម៉ង់ត៍ នៅក្នុងទីតាំងរបស់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ជីបម៉ុង អាចប្រើបានរយៈពេល១០០ឆ្នាំ ក្នុងកម្រិតផលិតស៊ីម៉ង់ត៍បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា ខេត្តកំពតមានធនធានពីធម្មជាតិច្រើន សម្រាប់ផលិតចេញនូវផលិតផលនានា ដូចជាការការផលិតអំបិល និងមានថ្ម មានដីសម្រាប់ផលិត ស៊ីម៉ង់ត៍ជាដើម។ សម្តេចតេជោ ក៏បានមើលឃើញថា សេដ្ឋកិច្ចក្នុងខេត្តកំពតមានការរីកចម្រើនច្រើន តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលទាមទារឲ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ភ្នំនៅខេត្តកំពត បើតាមឯកឧត្តម ស៊ុយ សែម រាយការណ៍គឺប្រើប្រាស់បានរយៈពេល១០០ឆ្នាំ ក្នុងសមត្ថភាពផលិតប្រមាណ២លានតោនក្នុងមួយឆ្នាំ យើងអាចផលិតបាន១០០ឆ្នាំ»

ការមានប្រសាសន៍ខាងលើនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC)។

ទន្ទឹមនឹងផលដែលទទួលបានច្រើនបែបនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានណែនាំឲ្យអ្នកជំនាញត្រូវកំណត់ទិសដៅ និងបែងចែកឲ្យបានច្បាស់លាស់អំពីអ្វីដែលទាក់ទងនឹងការផលិត ស៊ីម៉ង់ត៍ និងអំពីតម្រូវការសាងសង់សំណង ហើយក៏អាចមានតម្រូវការនៃការនាំចេញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ភ្នំទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនមែនសុទ្ធតែអាចផលិតស៊ីម៉ង់បានទាំងអស់ ហើយក៏មិនប្រាកដថាមានថ្ម អាចយកធ្វើផ្លូវបាន ទាំងអស់នោះដែរ ព្រោះភ្នំខ្លះត្រូវបានកំណត់ថា ជាភ្នំអភិរក្សដែលទាក់ទងនឹងបេតិកភណ្ឌប្រវត្តិសាស្ដ្រ ​ទីតាំងប្រវត្តិសាស្ដ្រ ដោយមិនត្រូវឲ្យមានការយកថ្ម ទៅធ្វើជាសំណង ឬធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតស៊ីម៉ង់នោះទេ។

ដោយឡែកសម្រាប់ខេត្តកំពតផ្ទាល់តែម្ដង បច្ចុប្បន្ននេះមានភ្នំចំនួន៤​ ដែលយកវត្ថុធាតុដើមសម្រាប់ផលិតស៊ីម៉ង់បាន និងនៅមានខេត្តមួយចំនួនទៀត ដូច្នេះហើយទាមទារឲ្យមានការសិក្សាច្បាស់លាស់ និងផែនការត្រឹមត្រូវសម្រាប់ការទាញយកវត្ថុធាតុដើមនេះ, នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន៕