(ភ្នំពេញ)៖ ស្ថានីយ៍ទូរទស្សន៍ទាំង៣ គឺ CTN, MYTV និង CNC របស់ក្រុមហ៊ុន Cambodian Broadcasting Service (CBS) របស់មហាសេដ្ឋីកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានឈ្នះសិទ្ធិនូវការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA 2018 World Cup ដែលនឹងចាប់ផ្តើមនាខែមិថុនាខាងមុខនេះ ដោយមាន៣២ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះរុស្ស៊ីផងដែរ។
នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា CBS បានទទួលនូវការយល់ព្រមឲ្យផ្សាយបន្តផ្ទាល់ អំពីព្រឹត្តិការណ៍ប្រកួតលើកម្រាលស្មៅដ៏អស្ចារ្យនេះមានរយៈពេល ៤ឆ្នាំម្តងមួយនេះ ដោយធ្វើការប្រកួត ១ខែពេញចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះតទៅ CBS នឹងផ្សាយបន្តផ្ទាល់ទាំង៦៤ ប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup 2018 តាមរយៈស្ថានីយ៍ទូរទស្សន៍ទាំង៣ គឺ CTN, MYTV និង CNC។
លោក ស៊ីថូ ណាថាន់ ប្រធានផ្នែកកីឡារបស់ CBS បានលើកឡើងថា «សាជាថ្មីម្តងទៀត CBS បានបង្ហាញឲ្យគេដឹងថា ពួកយើងគឺជាទូរទស្សន៍ដែលនាំមុខគេលើសកម្មភាពកីឡា ដោយមិនទាន់មានអ្នកណាមកប្រជែងបាននៅកម្ពុជា។ យើងតែងតែនាំមកនូវភាពរីករាយ ខណៈដែលយើងបានក្លាយជាផ្នែកមួយក្នុងការផ្សាភ្ជាប់ព្រឹត្តិការណ៍កីឡាធំៗលំដាប់ពិភពលោក។ ក្រុមការងារផ្នែកកីឡាពិតជាអន្ទះសារក្នុងការនាំយកគំនិតប្លែកៗចែករំលែកក្នុងអំឡុងពេលដែលលោកអ្នកទស្សនា FIFA World Cup»។
លោកបានបន្ថែមថា «នេះគឺជាមោទនភាពដ៏ធំក្រៃលែង ខណៈដែល FIFA បានជឿទុកចិត្តលើ CBS និងយល់ព្រមឲ្យបន្តការផ្សព្វផ្សាយនូវព្រិត្តការណ៍ដ៏មានកិត្យានុភាពនេះម្តងទៀត។ បន្ទាប់ពី CBS បានធ្វើការផ្សាយនូវការប្រកួតប្រដាល់ដ៏ធំរបស់ពិភពលោក អំពីការប្រកួតរវាង Mayweather និង McGregor បន្ថែមដោយការផ្សាយនូវការប្រកួតបាល់ទាត់ English-Premier League, UEFA Champions League និង UEFA EUROPA League បានធ្វើឲ្យអង្គភាពទូរទស្សន៍របស់ FIFA World Cup 2018 កាន់តែជឿជាក់យ៉ាងរឹងមាំថែមទៀតថា CBS គឺជាគេហដ្ឋានកីឡាប្រចាំព្រះរាជាណាចក្រកម្ពុជា Cambodia’s Home of Sport»។
យើងនឹងមានការចូលរួមទស្សទាយបាល់ទាត់ពិភពលោកគ្រប់ការប្រកួតជាមួយនឹងតារាបាល់ទាត់ល្បីៗរបស់ប្រទេសកម្ពុជាផងដែររួមមាន លោក ហុក សុចិត្រា អតីតវិរបុរសបាល់ទាត់កម្ពុជា និងជាអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ លោក ឈិន ឈឿន កីឡាករខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា និងលោក អ៊ំ សេរីរ័ត្ន អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា រួមទាំងអ្នកកីឡាល្បីៗមួយចំនួនទៀត៕